រដ្ឋមន្ត្រី ជា វ៉ាន់ដេត ចុះត្រួតពិនិត្យកំណត់ទីតាំងសម្រាប់អូសខ្សែកាបអុបទិច និងតម្លើងអង់តែន ទូរសព្ទចល័ត ដើម្បីផ្ដល់សេវាទូរគមនាគមន៍គ្របដណ្តប់នៅតាមបណ្តោយផ្លូវល្បឿនលឿន

 (ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី០១ ខែ សីហា ឆ្នាំ២០២២ បានដឹកនាំក្រុមការងាររបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និយ័តករ ទូរគមនាគមន៍កម្ពុជា ក្រុមហ៊ុន Huawei ក្រុមហ៊ុនសាងសង់បង្គោលអង់តែន ក្រុមហ៊ុនផ្តល់សេវា អ៊ីនធឺណិត និងក្រុមហ៊ុនទូរសព្ទចល័ត ចុះត្រួតពិនិត្យទីតាំងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ នៅតាមបណ្តោយផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ។

ការចុះត្រួតពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងស្វែងយល់ និងកំណត់ទីតាំងសម្រាប់អូសខ្សែកាប អុបទិច និងតម្លើងអង់តែនទូរសព្ទចល័ត ដើម្បីផ្ដល់សេវាទូរគមនាគមន៍គ្របដណ្តប់នៅតាម បណ្តោយផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ នៅក្រុងព្រះសីហនុ។ ការពង្រឹងគុណភាពសេវាទូរគមនាគមន៍នៅតំបន់នេះពិតជាមានការចាំបាច់ដូចគ្នានឹងតំបន់ដទៃទៀត ដែលអាចជួយជំរុញដល់ការផ្តល់សេវាទូរសព្ទ និងអ៊ីនធឺណិតបានល្អប្រសើរ ជូនប្រជាពលរដ្ឋក្នុង មូលដ្ឋាន អ្នកធ្វើដំណើរ និងភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នឹងបន្តសហការជាមួយក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រុមហ៊ុនសាងសង់ផ្លូវ China Road and Bridge Corporation ព្រមទាំងបណ្តាប្រតិបត្តករ ទូរគមនាគមន៍ ក្នុងការប្រឹក្សាយោបល់លើការប្រើប្រាស់បច្ចេកវិទ្យា និងការកំណត់ទីតាំងក្នុងការ សាងសង់អង់តែន សម្រាប់បំពេញតម្រូវការអ្នកប្រើប្រាស់នៅលើបណ្តោយផ្លូវល្បឿនលឿននេះ៕