រដ្ឋមន្ត្រីការបរទេសហ្វីលីពីន នឹងអវត្តមានក្នុងកិច្ចប្រជុំអាស៊ាន នៅកម្ពុជា ដោយសារឆ្លងកូវីដ១៩


 (ភ្នំពេញ)៖ លោក Enrique Manalo រដ្ឋមន្ត្រីការបរទេសហ្វីលីពីន នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ បានប្រកាសថា លោកនឹងអវត្តមានក្នុងកិច្ចរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ ព័ន្ធ (55th AMM and Related Meetings) នៅរាជធានីភ្នំពេញ ដោយសារឆ្លងជំងឺកូវីដ១៩។

តាមរយៈបណ្តាញ Twitter ប្រមុខការទូតហ្វីលីពីនរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមប្រកាសថា ខ្ញុំមិនអាចចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជ ធានីភ្នំពេញ ប្រទេសកម្ពុជា នៅសប្តាហ៍នេះបានទេ ដោយសារតែខ្ញុំបានតេស្តវិជ្ជមានកូវីដ១៩»។

លោក Enrique Manalo ក៏បានផ្ញើសារបញ្ជាក់បញ្ហានេះ ទៅកាន់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការបរ ទេស អាស៊ាន ឆ្នាំ២០២២ ថែមទាំងបង្ហាញការសោកស្តាយផងដែរ។

ទោះជាយ៉ាងនេះក្តី លោកស្រី Ma. Theresa P. Lazaro អនុរដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងទ្វេភាគី និងកិច្ចការអាស៊ាន ត្រូវបានរដ្ឋាភិបាលហ្វីលីពីន ចាត់ឲ្យជំនួសលោក Enrique Manalo ។ នេះបើតាមការផ្សាយ របស់ក្រសួងការបរទេសហ្វីលីពីន (DFA) ។

កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ចាប់ផ្តើមធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ តាមទម្រង់ដោយផ្ទាល់។

សូមជម្រាបថា កិច្ចរដ្ឋមន្ត្រីការបរទេសអាស៊ាន ត្រូវបានបង្កើតឡើង កាលពីឆ្នាំ១៩៦៧ ដោយសេច ក្ដីថ្លែងការណ៍ រាជធានីបាងកកបន្ទាប់ពីអាស៊ានត្រូវបានបង្កើតឡើង។ កិច្ចរដ្ឋមន្ត្រីការបរទេសអាស៊ាន ប្រជុំយ៉ាងហោចណាស់ ៤ដង ក្នុងមួយឆ្នាំ ហើយអាចកោះប្រជុំ ពិសេសនៅពេលចាំបាច់ ដើម្បីពិភាក្សាអំពីបញ្ហា ដែលទាមទារឲ្យមានការយកចិត្តទុកដាក់បន្ទាន់ ពីអាស៊ាន។ កិច្ចរដ្ឋមន្ត្រីការបរទេសអាស៊ាន ពិនិត្យ និងពិភាក្សា ជាទៀងទាត់ អំពីកិច្ចខិតខំប្រឹង ប្រែងកសាងសហគមន៍អាស៊ាន និងទិសដៅជាយុទ្ធសាស្ត្ររបស់ខ្លួន ក៏ដូចជាការប្រព្រឹត្តទៅនៃ ទំនាក់ទំនងខាងក្រៅ របស់អាស៊ាន។

កម្ពុជាបានក្លាយជាសមាជិកអាស៊ាន កាលពីខែមេសា ឆ្នាំ១៩៩៩ ហើយបានធ្វើជាម្ចាស់ផ្ទះ រៀប ចំកិច្ចរដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីឆ្នាំ២០០២ និង ២០១២៕