ជប៉ុននឹងចូលរួមការធ្វើសមយុទ្ធយោធា នៅឥណ្ឌូណេស៊ី ជាលើកដំបូង


 (តូក្យូ)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២ អោយដឹងថា កងកម្លាំងស្វ័យការពារជាតិរបស់ប្រទេសជប៉ុន នឹងទៅធ្វើការចូលរួមជា លើកដំបូងបំផុត ក្នុងសមយុទ្ធយោធា នៅឯប្រទេសឥណ្ឌូណេស៊ី នាខែសីហាខាងមុខ។

នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) បានប្រកាសពីដំណឹងខាងលើ ក្រោយ ជំនួបជាមួយ ប្រធានាធិបតីឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ (Joko Widodo) ដែលបានទៅបំពេញ ទស្សនកិច្ច នៅប្រទេសជប៉ុន។ មេដឹកនាំទាំងពីរ ក៏បានឯកភាពគ្នាបង្កើន កិច្ចសហប្រតិបត្តិការ លើវិស័យថាមពលផងដែរ។ វាគឺជាជំនួបលើកទី២ហើយ រវាងលោក គីស៉ីដា និងលោក វីដូដូ នៅ ក្នុងឆ្នាំនេះ បន្ទាប់ពីជំនួបលើកទី១ កាលពីខែមេសា។

បើតាមលោក គីស៉ីដា កងកម្លាំងស្វ័យការពារជប៉ុន នឹងទៅចូលរួមក្នុងសមយុទ្ធយោធា ហ្ការូដា សៀល (Garuda Shield) ដែលនឹងរៀបចំឡើង នៅឥណ្ឌូណេស៉ី ចាប់ពីថ្ងៃទី១ ខែសីហា។ សហរដ្ឋអាមេរិក អូស្រ្តាលី និងប្រទេសមួយចំនួនទៀត ក៏នឹងចូលរួមផងដែរ។ តាមពិតទៅ សម យុទ្ធយោធាប្រចាំឆ្នាំនេះ ជាធម្មតាធ្វើឡើងតែ រវាងឥណ្ឌូណេស៉ីនិងអាមេរិកប៉ុណ្ណោះ ប៉ុន្តែកន្លងមក ទីក្រុងវ៉ាស៉ីនតោនក៏បានបង្ហើបឱ្យដឹងដែរថា ក្នុងឆ្នាំនេះ វានឹងមានទ្រង់ទ្រាយធំជាងឆ្នាំមុនៗ។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះវិញ លោកប្រធានាធិបតីឥណ្ឌូណេស៊ី ទើបតែបានជួប ពិភាក្សាជាមួយ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង និងនាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាង កំលុងការបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង។ បន្ទាប់ពីជប៉ុន លោក វីដូដូ នឹងបន្តឆ្ពោះទៅកាន់ កូរ៉េខាងត្បូង ដែលជាគោលដៅចុងក្រោយ នៃដំណើរបំពេញទស្សនកិច្ចរបស់លោក នៅតំបន់អាស៊ី ខាងកើត៕