រដ្ឋមន្ត្រីសុខាភិបាល បន្ដដឹកនាំក្រុមការងារផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ និងពិនិត្យ ព្យាបាលជំងឺជូនពលរដ្ឋ ដោយឥតគិតថ្លៃ នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ

 (ភ្នំពេញ)៖ ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុម ប្រឹក្សា ភិបាលសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល «ស.វ.ស» នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ បានបន្ដដឹកនាំក្រុមការងារ ចុះមកផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសមូលដ្ឋាន, ដូសជំរុញ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដែលធ្វើឡើងនៅក្នុងបរិវេណ វត្តសំរោងអណ្ដែត នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ឯកឧត្តម រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា «ដោយសារថ្ងៃនេះ លោកតាលោកយាយ គាត់មកធ្វើ បុណ្យ ប្រគេនទៀនព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សា ឆ្លៀតឱកាសនេះ ដើម្បីផ្ដល់ភាពងាយ ស្រួលដល់ពួកគាត់ ក្រុមគ្រូពេទ្យស័្មគ្រចិត្តរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល, ក្រុម យុវជនកាកបាទក្រហមកម្ពុជា ចាំផ្ដល់ការថែទាំ និងពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជាពិសេស ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ រង់ចាំផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសមូលដ្ឋាន និងដូសជំរុញ ជូនពួកគាត់ដែលស្ម័គ្រចិត្ដ ដើម្បីបង្កើនភាពសុំានៅក្នុងសហគមន៍របស់យើង»

ឯកឧត្តម រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានថ្លែងបន្ដថា «ជាច្រើនថ្ងៃ ច្រើនខែមកខែហើយ មិនមាន ករណីស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ ដោយសារតែការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ ដែលធ្វើឱ្យមានភាពសុំានៅក្នុងសហគមន៍របស់យើង។ ប៉ុន្ដែមានករណីឆ្លង ហើយអាចឆ្លងម្ដងហើយ ឆ្លងម្ដងទៀត ដែលទាមទារឱ្យពលរដ្ឋយើងប្រុងប្រយ័ត្នជាប់រហូត ទាំងការការពារ និងបន្ដចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ឱ្យគ្រប់ដូសទៅតាមចំនួនដែលជាការអំពាវនាវរបស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី កម្ពុជា និងការណែនាំរបស់ក្រសួងសុខាភិបាល»

ឯកឧត្តម សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានបន្ដថា ការផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ គឺមាន ចាក់ជូនជារៀងរាល់ថ្ងៃជូនពលរដ្ឋយើង សូមអំពាវនាវដល់ប្រជាពលរដ្ឋ មកទទួលវ៉ាក់សាំងបង្ការជំងឺ កូវីដ១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា។

សូមជម្រាបថា ក្នុងឱកាសដែលរដ្ឋមន្ដ្រីក្រសួងសុខាភិបាល ដឹកនាំក្រុមការងារចុះផ្តល់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដូសមូលដ្ឋាន, ដូសជំរុញ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក៏បាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅ វត្តសំរោង អណ្ដែតផងដែរ៕