(ម៉ានីល)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២ គឺ គ្រោះរញ្ជួយដីដ៏ខ្លាំងមួយគឺ ៧ .១រ៉ិចទ័រ ដែលបានវាយប្រហារ តំបន់ភាគខាងជើង ប្រទេសហ្វីលីពីន នាថ្ងៃពុធនេះ បានបង្កឱ្យមនុស្សយ៉ាងតិច៤នាក់ បាត់បង់ជីវិត និងប្រហែល ៦០ នាក់ផ្សេងទៀតរងរបួស។ រីឯសំណង់ជាច្រើនខ្នង ក៏ទទួលរងការខូចខាត ក្នុងហេតុការណ៍នោះផង ដែរ។
រដ្ឋមន្រ្តីមហាផ្ទៃហ្វីលីពីន លោក បេនចាមីន អាបាឡូស (Benjamin Abalos) បានឱ្យដឹងថា មាន មនុស្សយ៉ាងហោច១នាក់ បានស្លាប់ នៅខេត្ត អាប្រា (Abra), ២នាក់ នៅខេត្ត បេនហ្គូអេត (Benguet) និងម្នាក់ នៅខេត្តមួយផ្សេងទៀត។ បើតាមលោក អាបាឡូស ទន្ទឹមគ្នានេះ ក៏មានមនុស្ស ប្រហែល ៦០នាក់ បានទទួលរងរបួសផងដែរ ហើយក្រៅពីមនុស្សរងគ្រោះថ្នាក់ សំណង់អគារ និងផ្ទះសម្បែងជាច្រើនខ្នង ត្រូវបានបំផ្លិចបំផ្លាញ។
ភ្លាមៗក្រោយហេតុការណ៍រញ្ជួយដីខាងលើ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ចេអរ បានចេញបញ្ជាឱ្យបើក ប្រតិបត្តិការជួយសង្រ្គោះជាបន្ទាន់ ទៅកាន់តំបន់រងការប៉ះពាល់ ជាពិសេស ខេត្ត អាប្រា ដែលជាទីជ្រកកោន នៃប្រជាជនហ្វីលីពីនជិត ២៥០,០០០នាក់។ បើតាមអ្នកនាំពាក្យរបស់លោក លោក ម៉ាកូស នឹងចុះទៅពិនិត្យតំបន់រងគ្រោះដោយផ្ទាល់ នៅក្នុង ថ្ងៃពុធនេះតែម្តង។
គួរបញ្ជាក់ថា ហ្វីលីពីន ជាប្រទេសដែលងាយរងគ្រោះហេតុការណ៍រញ្ជួយផែនដី ដោយសារប្រទេស នេះ ស្ថិតនៅតំបន់គេហៅថា «ខ្សែក្រវាត់ភ្នំភ្លើង» នៃមហាសមុទ្រប៉ាស៉ីហ្វិក។ ក្រៅពីរញ្ជួយដី ហ្វីលីពីនក៏ជួបប្រទះបន្ទុះភ្នំភ្លើង និងការវាយប្រហារដោយព្យុះទីហ្វុង ជាញឹកញាប់ថែមទៀតផង៕