(វ៉ាស៉ីនតោន)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២ គឺ មន្ត្រីម្នាក់មកពីក្រសួងការពារជាតិអាមេរិក បាននិយាយនៅថ្ងៃអង្គារសប្តាហ៍ នេះថា មន្ទីរបញ្ចកោណបានអនុម័តជាផ្លូវការ កាលពីចុងខែមិថុនាកន្លងទៅ នូវផែនការមួយដើម្បី ជួយព្យាបាលទាហានអ៊ុយក្រែន ដែលរងរបួសនៅឯមន្ទីរពេទ្យយោធាអាមេរិក ក្នុងប្រទេស អាល្លឺ ម៉ង់។ នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីអាមេរិកខាងលើដដែល បានឲ្យដឹងទៀតថា រហូត មកដល់ពេលនេះគ្មានទាហានអ៊ុយក្រែនណាម្នាក់ ត្រូវបានព្យាបាលទេ ហើយកងទ័ពអាមេរិកក៏ នឹងមិនចូលទៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីនាំយកទាហានអ៊ុយក្រែនទៅកាន់មន្ទីរពេទ្យយោធា របស់ខ្លួននៅអាល្លឺម៉ង់នោះដែរ។
ម្យ៉ាងវិញទៀត វាមិនច្បាស់ទេថាតើមានទាហានអ៊ុយក្រែនប៉ុន្មាននាក់ ដែលបានរងរបួស ប៉ុន្តែជន ស៊ីវិលរាប់ពាន់នាក់ត្រូវបានជឿជាក់ថាបានស្លាប់ និងរាប់លាននាក់ផ្សេងទៀត បានភៀសខ្លួនចេញ ពីប្រទេស ខណៈការវាយប្រហារដោយប្រើកាំភ្លើងធំ និងការវាយប្រហារតាមអាកាសរបស់រុស្សី បានធ្វើឱ្យទីក្រុងនានាត្រូវបានបំផ្លាញ។ យ៉ាងណាក៏ដោយ បើតាមមន្ត្រីអាមេរិកខាងលើ ទាហាន អ៊ុយក្រែនអាចនឹងត្រូវបានព្យាបាល នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រក្នុងតំបន់ ឡានស្ទូល (Landstuhl) ស្ថិតនៅភាគខាងលិចប្រទេសអាល្លឺម៉ង់ ប្រសិនបើចាំបាច់៕