(ស្រីលង្កា)៖ តាមការចេញផ្សាយដោយសារព័ត៌មាន Straits Times នៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២។រដ្ឋាភិបាលសិង្ហបុរី នៅថ្ងៃពុធនេះ បានសម្រេចអនុញ្ញាតឱ្យលោក ហ្គូតាបាយ៉ា រ៉ាចា ប៉ាកសា (Gotabaya Rajapaksa) បន្តស្នាក់នៅ ក្នុងប្រទេសរបស់ខ្លួនចំនួន ១៤ថ្ងៃបន្ថែមទៀត ខណៈមានសេចក្ដីរាយការណ៍ថា អតីតប្រធានាធិបតីស្រីលង្ការូបនេះមានបំណងត្រឡប់ចូលស្រុក វិញ។ សារព័ត៌មាន Straits Times ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានបញ្ជាក់ថាការ អនុញ្ញាតការស្នាក់នៅរយៈពេលខ្លីចំនួន១៤ថ្ងៃ ដែលត្រូវ បានផ្ដល់ជូន នៅពេលដែលលោក រ៉ាចាប៉ាកសា មកដល់សិង្ហបុរី ក្រោមការបំពេញទស្សនកិច្ចឯកជនកាលពីជាង ២សប្ដាហ៍មុន ត្រូវបានបន្ត រយៈពេល ១៤ថ្ងៃបន្ថែមទៀត។
ការសម្រេចខាងលើរបស់រដ្ឋាភិបាលសិង្ហបុរី កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសមាជិក សភាស្រីលង្កា លោក បាន់ឌូឡា ហ្គូណាវ៉ាដេណា (Bandula Gunawardena) បានប្រាប់អ្នកសារ ព័ត៌មានថា លោក រ៉ាចាប៉ាកសា អាចនឹងត្រឡប់ចូលក្នុងប្រទេសស្រីលង្កាវិញ ដោយលោកមិនមែន កំពុងសម្ងំលាក់ខ្លួន ឬរស់នៅនិរទេសខ្លួននោះទេ។ ប៉ុន្តែ កាលបរិច្ឆេទនៃការត្រឡប់ទៅកាន់ស្រីលង្កា វិញរបស់លោក រ៉ាចាប៉ាកសា មិនទាន់ត្រូវបាន គេដឹងនៅឡើយទេ។
កាលពីពេលថ្មីៗនេះ សារព័ត៌មាន Bloomberg ក៏បានរាយការណ៍ដែរថាលោក រ៉ាចាប៉ាកសា មាន បំណងត្រឡប់ចូលប្រទេសស្រីលង្កាវិញឆាប់ៗ តាមដែលអាចធ្វើទៅបាន ដោយចង់រស់នៅក្នុងផ្ទះ ឯកជនមួយរបស់លោកស្ថិតនៅជាយរដ្ឋធានីកូឡុំបូ។ ប៉ុន្តែ មកទល់នឹងពេលនេះ លោកមិនទាន់ ធ្វើអត្ថាធិប្បាយដោយផ្ទាល់នៅឡើយទេ ឆ្លើយតបទៅនឹងសេចក្ដីរាយការណ៍នេះ។
លោក រ៉ាចាប៉ាកសា បានភៀសខ្លួនចេញពីប្រទេសស្រីលង្កានៅថ្ងៃទី១៣ ខែកក្កដា ទៅកាន់ប្រទេស ម៉ាល់ឌីវ (Maldives) ហើយក្រោមមក លោក ត្រូវបានគេរាយការណ៍ថាបានធ្វើដំណើរទៅដល់ ប្រទេសសិង្ហបុរីនៅថ្ងៃទី១៤ ខែកក្កដា នៅចំពោះមុខបាតុកម្មតវ៉ាទាមទារឱ្យរូបលោកចុះចេញពី តំណែងដោយសារតែវិបត្តិសេដ្ឋកិច្ច។ ចំណែកឯ ខាងសិង្ហបុរីបានឱ្យដឹងថា អតីតប្រធានាធិបតីរូប នេះមិនបានស្នើសុំសិទ្ធិជ្រកកោននយោបាយ ឡើយ ខណៈក្រុមសកម្មជនស្រីលង្កា អំពាវនាវឱ្យ អាជ្ញាធរសិង្ហបុរីចាប់ខ្លួនលោក រ៉ាចាប៉ាកសា៕