ធនាគារកណ្តាលសិង្ហបុរីខាតបង់ជាង ៥ប៊ីលានដុល្លារអាមេរិក ខណៈដែលប្រាក់ដុល្លារសិង្ហបុរីឡើងថ្លៃ


 (សិង្ហបុរី)៖ អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) ដែលជាធនាគារកណ្តាលរបស់ប្រទេសិង្ហបុរីបានកត់ ត្រាការខាតបង់ចំនួន ៧,៤ប៊ីលានដុល្លារសិង្ហបុរី (ប្រហែល ៥,៣ប៊ីលានដុល្លារអាមេរិក) ក្នុងឆ្នាំ ហិរញ្ញវត្ថុចុងក្រោយខណៈដែលទទួលបានប្រាក់ចំណេញតិចជាងមុនពីការវិនិយោគដោយប្រើប្រាស់ទុនបម្រុងរូបិយប័ណ្ណបរទេស និងក្នុងគ្រាដែលប្រាក់ដុល្លារសិង្ហបុរីឡើងថ្លៃ។

កាសែត Channel News Asia បានរាយការណ៍ដោយដកស្រង់សំដីលោក Ravi Menon នាយក គ្រប់គ្រង MAS កាលពីថ្ងៃអង្គារថា ផលចំណេញពីការវិនិយោគរបស់ទុនបម្រុងរូបិយប័ណ្ណបរទេស របស់ប្រទេសសិង្ហបុរីមានចំនួនរហូតដល់ទៅ ៤ប៊ីលានដុល្លារសិង្ហបុរី។ ប៉ុន្តែចំនួននេះនៅទាបជាងការខាតបង់ដោយសារការឡើងថ្លៃប្រាក់ដុល្លារសិង្ហបុរី និងការចំណាយ ការប្រាក់កាន់តែខ្ពស់។

ការឡើងថ្លៃប្រាក់ដុល្លារសិង្ហបុរីនាំឱ្យមានឥទ្ធិពលអវិជ្ជមានលើលទ្ធផលប្តូរប្រាក់បរទេស ដោយខាត បង់ចំនួន ៨,៧ប៊ីលានដុល្លារសិង្ហបុរី។ ការចំណាយសរុបបានកើនឡើងដល់ ២,៨ប៊ីលានដុល្លារ សិង្ហបុរី ដែលជាចម្បងដោយសារការចំណាយលើការប្រាក់ខ្ពស់លើប្រតិបត្តិការទីផ្សារសាច់ប្រាក់ (money market) ក្នុងស្រុក។

កត្តាទាំងនេះបាននាំឱ្យធនាគារកណ្តាលសិង្ហបុរីខាតបង់ចំនួន ៧,៤ប៊ីលានដុល្លារសិង្ហបុរី ដែលជា ការខាតបង់លើកដំបូងរបស់ខ្លួនគិតចាប់តាំងពីឆ្នាំហិរញ្ញវត្ថុដែលបញ្ចប់នៅខែមីនា ឆ្នាំ២០១៣។ ដោយសារតែការខាតបង់នេះ MAS នឹងមិនរួមចំណែកដល់មូលនិធិរួមរបស់រដ្ឋាភិបាលសិង្ហបុរី ហើយក៏មិនផ្តល់ប្រាក់ចំណេញទៅឱ្យរដ្ឋាភិបាលសិង្ហបុរីក្នុងឆ្នាំនេះផងដែរ។

ជាមួយនឹងការកើនឡើងអតិផរណា MAS បានរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ៤ដងក្នុងរយៈ ពេល ៩ខែចុងក្រោយ រួមទាំងការចាត់វិធានការលើសពីធម្មតាចំនួនពីរលើកគឺនៅក្នុងខែមករា និងខែកក្កដា។

ប្រាក់ដុល្លារសិង្ហបុរីបានឡើងថ្លៃ ៤ ភាគរយធៀបនឹងប្រាក់ផោនអង់គ្លេស ៥ភាគរយធៀបនឹងប្រាក់ អឺរ៉ូ និង ៩ ភាគរយធៀបនឹងប្រាក់យ៉េនជប៉ុន។ នេះបើយោងតាមកាសែត Channel News Asia៕