រដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ាឡេស៊ីម៉ាឡេស៊ី និយាយថា នឹងមិនក្ស័យធនដូចជាស្រីលង្កា ឡើយ


(គូឡាឡាំពួរ)៖  តាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ ២០២២ គឺរដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ាឡេស៊ី លោក តេងគូ ហ្សាហ្វ្រុល តេងគូ អាប់ឌុល អាហ្ស៊ីស (Tengku Zafrul Tengku Abdul Aziz) បានប្រាប់សភាជាតិ នៅថ្ងៃអង្គារសប្ដាហ៍នេះថា លទ្ធភាពដែល ម៉ាឡេស៊ី អាចនឹងក្ស័យធនដូចប្រទេសស្រីលង្កាមានតិចតួចស្ដួចស្ដើងបំផុត។

ឆ្លើយតបទៅនឹងសំណួររបស់អ្នកតំណាងរាស្ត្រ លោក អះម៉ាត់ ម៉ាស្លាន់ (Ahmad Maslan) លោក តេងគូ ហ្សាហ្វ្រុល បានកត់សម្គាល់ថាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) មិនដែលបានរាយការណ៍ ថាម៉ាឡេស៊ី កំពុងប្រឈមមុខនឹងបញ្ហាដែលអាចនឹងនាំឱ្យក្ស័យធនឡើយ ហើយមិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីរូបនេះក៏មានសុទិដ្ឋិនិយម ដែរថាសេដ្ឋកិច្ចម៉ាឡេស៊ីនឹងមានកំណើន។

លោក តេងគូ ហ្សាហ្វ្រុល បានគូសបញ្ជាក់ដូច្នេះថា «កាលពីចុងខែមេសា ឆ្នាំ២០២២នេះ IMF បាន បង្ហាញទំនុកចិត្តថា កំណើនផលិតផលក្នុងស្រុកសរុប ឬ GDP របស់យើង នឹងកើនឡើងក្នុងអត្រា ៥.៧៥ភាគរយ…ហើយបើយើងប្រៀបធៀបសូចនាករសេដ្ឋកិច្ចរបស់យើងទៅនឹង ស្រីលង្កា នោះវា បង្ហាញយ៉ាងច្បាស់ថាសេដ្ឋកិច្ចរបស់យើងមានភាពរឹងមាំជាងពួកគេឆ្ងាយណាស់។ ដូច្នេះលទ្ធភាពដែលម៉ាឡេស៊ីអាចនឹងក្ស័យធនដូចស្រីលង្កា មានតិចតួចស្ដួចស្ដើងជាទីបំផុត»

គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ាឡេស៊ី លោក តេងគូ ហ្សាហ្វ្រុល កើត មានឡើងនៅចំពេលមានការព្រួយបារម្ភជាច្រើនថាប្រទេសមួយ ចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តួយ៉ាងដូចជាប្រទេសឡាវកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដែលអាចនឹងធ្វើឱ្យពួកគេស្ថិតនៅក្នុងស្ថានភាពដូចស្រីលង្កា៕