អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលសម្រាប់ថវិកាជាតិបាន ១៩៧០លានដុល្លារ កើនឡើង ៣០% នៅឆមាសទី១


 (ភ្នំពេញ)៖ ក្នុងឆមាសទី១ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រមូលចំណូលពន្ធ-អាករ បានចំនួន ៧ ៩៨០.៥៧ ប៊ីលានរៀល (ប្រមាណជា ១ ៩៧០.៥១ លានដុល្លារ) ស្មើនឹង ៦៩.៨៩% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធ-អាករក្នុង រយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួន ១ ៨៣៣,៥៩ ប៊ីលានរៀល (ប្រមាណជា ៤៥២,៧៤ លានដុល្លារ) ស្មើនឹង ២៩.៨៧%។

ក្នុងឆមាសទី១ ឆ្នាំ២០២២ ចំណូលពីប្រភេទពន្ធសំខាន់ៗ បានរក្សាកំណើនធៀបនឹងរយៈពេលដូច គ្នាក្នុងឆ្នាំ២០២១ ក្នុងនោះ ពន្ធលើប្រាក់ចំណូល ២៧.១៩% អាករលើតម្លៃបន្ថែម ៣៣.៣៧% ពន្ធលើប្រាក់បៀវត្ស ២៥.១៦% អាករពិសេស ៣៤.០១% ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ អចលនទ្រព្យ ៤៤.៣៨%, និងពន្ធលើឈ្នួលផ្ទះ និងដី ១០.១២%។

ការបង្ហាញពីប្រាក់ចំណូលពន្ធនេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២២ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គ នាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានចាត់ទុកលទ្ធផលដែលប្រមូលចំណូលពន្ធនេះ គឺជាទីមោទនៈមួយ ដែលមិនអាចកាត់ផ្តាច់ ចេញពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេសការគ្រប់គ្រងស្ថានការណ៍នៃជំងឺកូវីដ-១៩ បានពេញលេញ និងមានប្រសិទ្ធភាពខ្ពស់ តាមរយៈការចាត់វិធានការជាយុទ្ធសាស្ត្រក្នុងការចាក់វ៉ាក់សាំង ជូនប្រជាជនកម្ពុជាប្រកបដោយ ស្មារតីបុរេសកម្ម និងទាន់ពេលវេលា ដែលអាចកសាងភាពស៊ាំ ក្នុងសហគមន៍ទៅនឹងជំងឺរាតត្បាត នេះ ហើយឈានទៅបើកប្រទេសជាតិ ឱ្យដំណើរការសេដ្ឋកិច្ច-សង្គមឡើងវិញកាលពីខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ ហើយបាននិងកំពុងអនុវត្តការរស់នៅ តាមគន្លងប្រក្រតីភាពថ្មីក្នុបរិបទនៃជំងឺ កូវីដ-១៩។

ឯកឧត្តម បន្តថា បន្ថែមពីនេះ អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់លើការ គ្រប់គ្រងប្រមូលចំណូលពន្ធ ដោយតែងតែដឹកនាំចង្អុលបង្ហាញប្រកបដោយភាពឈ្លាសវៃ និងការ ដាក់ផែនការយ៉ាងមុតស្រួច លើការអនុវត្តកំណែទម្រង់សំខាន់ៗ និងវិធានការជាយុទ្ធសាស្ត្រនាពេល កន្លងមក ដែលបានជំរុញ និងលើកកម្ពស់អនុលោមភាពសារពើពន្ធ និងធានាបាននូវការប្រកួត ប្រជែង ដោយស្មើភាពក្នុងចំណោមមជ្ឈដ្ឋានវិនិយោគ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីទាំងអស់នៃអគ្គនាយកដ្ឋានពន្ធដារទាំងអស់ ក្នុងការ ចូលរួមចំណែកបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត និងសម្រេចបានលទ្ធផលការងារគ្រប់គ្រង ប្រមូលចំណូលពន្ធយ៉ាងល្អប្រសើរ ទោះបីជាស្ថិតក្នុងសភាពការណ៍លំបាក ប្រឈមនឹងហានិភ័យ និងភាពមិនប្រាកដប្រជាយ៉ាងណាក៏ដោយ ដែលលទ្ធផលទាំងនេះ គឺជាផ្លែផ្កានៃកំណែទម្រង់ ទំនើបកម្មរដ្ឋបាលសារពើពន្ធ និងការយកចិត្តទុកដាក់ក្នុងការកសាង និងពង្រឹងសមត្ថភាពមន្ត្រី។

អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានផ្តួចផ្តើមឱ្យមានរៀបចំពង្រឹងកិច្ចសហការ ក្នុងកម្រិត អន្តរអគ្គនាយកដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង/ឬកម្រិតអន្តរក្រសួង ដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងវិស័យធនធានរ៉ែ បារី/ថ្នាំជក់ យានយន្ត និងប្រេងឥន្ទនៈ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា អគ្គនាយកដ្ឋានពន្ធដារបានយកចិត្តទុកដាក់ អនុវត្ត ការងារដោយប្រកាន់ខ្ជាប់នូវ បាវចនា-គោលការណ៍ រួមក្នុងនោះ កៀរគរប្រមូលឱ្យអ្នកជាប់ពន្ធចូល ក្នុងប្រព័ន្ធរួមមួយ ធ្វើឱ្យអ្នកជាប់ពន្ធងាយស្រួលក្នុងការបង់ពន្ធ រៀបចំប្រព័ន្ធការងារឱ្យលំបាក សម្រាប់ការគេចវេះពន្ធ និងធានាឱ្យបាននូវការប្រកួតប្រជែងដោយស្មើភាព សមធម៌ក្នុងការបង់ពន្ធ និងយុត្តិធម៌សង្គម៕