សភាស្រីលង្កា ចាប់ផ្តើមបោះឆ្នោតដើម្បីជ្រើសរើស ប្រធានាធិបតីថ្មី

 (កូឡុំបូ)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២ បានបញ្ជាក់ថា នៅថ្ងៃពុធនេះ ក្រុមសមាជិកសភាស្រីលង្កា បាននាំគ្នាចាប់ផ្តើមការបោះ ឆ្នោត ដើម្បីជ្រើសរើសប្រធានាធិបតីថ្មី នៅក្នុងចំណោមបេក្ខជនចំនួន៣នាក់ ក្រោមក្តីសង្ឃឹមថា មេដឹកនាំថ្មីនឹងអាចអូសទាញ ប្រទេសដែនកោះនេះ ឱ្យចេញពីផុតពីវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរវិញ។

ប្រសិនបើជ័យជម្នះបានទៅលើ ប្រធានាធិបតីស្តីទី លោក រ៉ានីល វីគ្រីមេស៉ីងហ្កេ (Ranil Wickremesinghe) ដែលប្រជាជនស្រីលង្កាជាច្រើននាក់មិនគាំទ្រ ព្រោះពួកគេចាត់ទុករូបលោក ជាសម្ព័ន្ធមិត្តរបស់អតីតប្រធានាធិបតី លោក ហ្កោតាបាយ៉ា រ៉ាចាប៉ាក់សា (Gotabaya Rajapaksa) នោះវាទំនងជានឹងនាំទៅរក សកម្មភាពតវ៉ាជាបន្តបន្ទាប់ទៀត ពីសំណាក់ក្រុមបាតុករ។

ដោយឡែក បេក្ខជនម្នាក់ទៀត ដែលមានលទ្ធភាពខ្ពស់ ក្នុងការក្លាយជាប្រធានាធិបតីថ្មី គឺសមាជិក សភានៃគណបក្ស SLPP លោក ឌូឡាស់ អាឡាហាបពើរូម៉ា (Dullas Alahapperuma)។ ដ្បិតលោក អាឡាហាបពើរូម៉ា មិនសូវមានការជំទាស់ពីក្រុមបាតុករ និងបក្សប្រឆាំងក៏ដោយ រូប លោកមិនធ្លាប់មាន បទពិសោធន៍ផ្នែកអភិបាលកិច្ចកម្រិតខ្ពស់ឡើយ។

រីឯបេក្ខជនទី៣ គឺលោក អានូរ៉ា គូម៉ារ៉ា (Anura Kumara) ដែលជាប្រធានគណបក្សឆ្វេងនិយម NPP ត្រូវគេមើលឃើញថា មិនមានឱកាសពិតប្រាកដ ក្នុងការទទួលបានជ័យជម្នះឡើយ ព្រោះ គណបក្សលោក កាន់កាប់តែ៣អាសនៈប៉ុណ្ណោះ នៅក្នុងសភាដែលមានអាសនៈសរុបទាំងអស់ ២២៥អាសនៈ។ សម្រាប់លទ្ធផលនៃការបោះឆ្នោត គឺត្រូវគេរំពឹងថានឹងប្រកាស នៅថ្ងៃព្រហស្បតិ៍ ស្អែក។ គួរបញ្ជាក់ថា វីគ្រីមេស៉ីងហ្កេ ដែលធ្លាប់កាន់តំណែងជា នាយករដ្ឋមន្រ្តីដល់ទៅ៦លើក បាន ក្លាយជាប្រធានាធិបតីស្តីទី កាលពីសប្តាហ៍មុន ក្រោយលោក រ៉ាចាប៉ាក់សា រត់ភៀសខ្លួនទៅកាន់ សិង្ហបុរី ហើយលាលែងពីតំណែង តាមការទាមទាររបស់ ក្រុមបាតុកររាប់ម៉ឺននាក់ ដែលបានចេញ មកតវ៉ាតាមដងផ្លូវ ប្រឆាំងការដឹកនាំរបស់លោក និងព្រមទាំងបានចូលកាន់កាប់ វិមានប្រធានា ធិបតីរបស់លោក ថែមទៀតផង។ ពេលនោះ ក្រុមបាតុករក៏បានដុតបំផ្លាញ គេហដ្ឋានលោក វីគ្រីមេស៊ីងហ្កេ និងចូលលុកលុយការិយាល័យរបស់លោក ផងដែរ៕