អ៊ុយក្រែន អះអាងថា រុស្ស៉ីបន្តទម្លាក់គ្រាប់បែកលើទីក្រុងនានា នៅទូទាំងប្រទេស


(កៀវ)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែ កក្កដា ឆ្នាំ២០២២ ប្រាប់អោយដឹងថា អាជ្ញាធរនៅក្នុងប្រទេសអ៊ុយក្រែន បាននិយាយនៅថ្ងៃអង្គារ នេះថា កងកម្លាំងរុស្ស៉ី បន្តទម្លាក់គ្រាប់បែកលើទីក្រុងនានា ទូទាំងប្រទេសជាមួយនឹង ការបាញ់ផ្លោង យ៉ាងខ្លាំងក្លាលើទីក្រុង ស៊ូមី (Sumy) ស្ថិតនៅភាគខាងជើង, ការទម្លាក់គ្រាប់បែកចង្កោមសំដៅលើ ទីក្រុង មីកូឡេវ (Mykolaiv) និងការវាយប្រហារដោយមីស៉ីលលើទីក្រុង អូដេសា (Odesa) ភាគ ខាងត្បូងនៃប្រទេស។

ក្រោយដកចេញពីរដ្ឋធានីកៀវ រុស្ស៉ីបានងាកទៅរកយុទ្ធនាការទម្លាក់គ្រាប់បែកលើហេដ្ឋារចនាសម្ព័ន្ធ និងពង្រីកការគ្រប់គ្រងរបស់ខ្លួនទៅកាន់ភាគខាងត្បូង និងខាងកើតអ៊ុយក្រែន។ អ៊ុយក្រែនបានឲ្យដឹងថា កងកម្លាំងរុស្ស៉ីបានបង្កើនការវាយប្រហារដោយការបាញ់ផ្លោងពីចម្ងាយ និងបានសម្លាប់ជនស៉ីវិលជាច្រើន នាក់។ តែទីក្រុងមូស្គូ អះអាងថាខ្លួនកំពុងវាយលុកលើគោលដៅ យោធាតែប៉ុណ្ណោះ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏បានបញ្ជាក់ ដែរថា រុស្ស៉ីបានបាញ់មីស៉ីលគ្រូសច្រើនជាង ៣,០០០គ្រាប់ និងគ្រាប់កាំភ្លើងធំជាច្រើនឥតគណនា ក្នុង ជម្លោះប្រមាណ ៥ខែមកនេះ។

សូមបញ្ជាក់ថា ស្ថានការណ៍នៅអ៊ុយក្រែនក្នុងសប្តាហ៍នេះ អាចជាបញ្ហាដ៏សំខាន់សម្រាប់បណ្តា ប្រទេសអឺរ៉ុប ដែលកំពុងមានការព្រួយបាម្ភអំពីផលប៉ះពាល់ នៃសង្រ្គាម និងការដាក់ទណ្ឌកម្មលើ ការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៉ី។ រុស្ស៉ី គ្រោងនឹងបើកឡើងវិញនូវបំពង់បង្ហូរឧស្ម័ន ណ័រ ស្រ្ទីម វ័នស៍ (Nord Stream 1) នៅប៉ុន្មានថ្ងៃខាងមុខទៀត ប៉ុន្តែប្រជាជននៅអឺរ៉ុបព្រួយបារម្ភថា ទីក្រុងមូស្គូ អាចនឹងបន្តបិទបំពង់នេះវិញដដែល៕