ឯកឧត្តម វ៉ាត់ ចំរើន ជំរុញការត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយដល់សហព័ន្ធជាតិ ក្រោយ SEAGF អនុម័តប្រភេទកីឡាសម្រាប់ស៊ីហ្គេម ២០២៣


 (ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានជំរុញឲ្យសហព័ន្ធកីឡាជាតិទាំងអស់ ត្រូវរៀបចំ និង ត្រៀមលក្ខណៈឲ្យបានគ្រប់ជ្រុងជ្រោយ បន្ទាប់ពីក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF) បានអនុម័តប្រភេទកីឡាសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជារួចមក។នេះបើតាមការបញ្ជាក់ក្នុង កិច្ចប្រជុំជាមួយសហព័ន្ធកីឡាជាតិនាល្ងាចថ្ងៃចន្ទ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា ដើម្បីជូនដំណឹងអំពីការសម្រេចប្រភេទកីឡាក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ដែលក្រុមប្រឹក្សាកីឡា អាស៊ីអាគ្នេយ៍ បានអនុម័តលើកីឡាចំនួន ៣៩ប្រភេទ និងកីឡាសម្ដែង (Demonstration Sport) ១ប្រភេទ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៣ ខែកកក្កដាកន្លងទៅ។

ប្រតិបត្តិករកីឡារូបនេះបានលើកឡើងថា ក្រោយការអនុម័តខាងលើ សហព័ន្ធកីឡាជាតិ ឈប់ ស្រពេចស្រពិលរឿងមានឈ្មោះ ឬមិនមានឈ្មោះក្នុងស៊ីហ្គេមទៀតហើយ តែជាពេលវេលាអនុវត្ត តួនាទីភារកិច្ចឲ្យបានច្បាស់លាស់ និងគត់មត់បំផុត។ រីឯការរៀបចំយុទ្ធសាស្ដ្រត្រូវរក្សាការសម្ងាត់ក្នុងលក្ខខណ្ឌបច្ចេកទេស ហើយបន្ដធ្វើយុទ្ធសាស្ដ្រ ស៊ីជម្រៅបន្ថែមទៀត ដើម្បីស្វែងរកឧត្តមភាពក្នុងនាមជាម្ចាស់ផ្ទះ។

ឯកឧត្តម បន្ដថា «សហព័ន្ធកីឡាជាតិ ត្រូវត្រៀមខ្លួនឲ្យបានគ្រប់ជ្រុងជ្រោយ ហើយបែងចែកភារកិច្ច គ្នាឲ្យបានច្បាស់លាស់ តើសហព័ន្ធធ្វើអ្វីខ្លះ សហការធ្វើអ្វីខ្លះ? សហព័ន្ធទាំងអស់ ត្រូវមានតួនាទី ភារកិច្ចទទួលខុសត្រូវឲ្យបានគត់មត់ ហើយចាប់ពីឥលូវទៅ សហព័ន្ធកីឡាជាតិ គាត់ត្រូវធ្វើការឲ្យ បានជាក់លាក់។ អ៊ីចឹងអ្វីដែលជាកិច្ចប្រជុំ យើងបានបែងចែកឲ្យច្បាស់នូវតួនាទីភារកិច្ចនេះ នូវអ្វីដែល ត្រូវធ្វើ អ្វីដែលមិនត្រូវធ្វើ»

ចំពោះទំនួសខុសត្រូវសំខាន់ៗ ដែលសហព័ន្ធត្រូវយកចិត្តទុកដាក់ ទី១-គឺការអភិវឌ្ឍសមត្ថភាព កីឡាករ-កីឡាការិនីរបស់ខ្លួនឲ្យមានគុណផលខ្ពស់ ទី២-ការបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេស អាជ្ញា កណ្ដាល-ចៅក្រម ឲ្យមានសមត្ថភាពស្ដង់ដារអន្ដរជាតិ ដើម្បីរៀបចំការប្រកួតឲ្យទទួលបានជោគ ជ័យ និងទី៣-ការរៀបចំទីលានប្រកួត ជាមួយគណៈកម្មការជំនាញ CAMSOC ឲ្យបានរួចរាល់ក្នុង ឆមាសទី២។ លោក វ៉ាត់ ចំរើន បន្ថែម។

មន្ដ្រីជំនាញដែលទទួលបានសេចក្ដីទុកចិត្តពីថ្នាក់ដឹកនាំ ដើម្បីអនុវត្តលើការងារបច្ចេកទេសរូបនេះ បានសង្កត់ធ្ងន់ថា «អ្វីដែលយើងត្រូវសង្កត់ធ្ងន់ គឺការបែងចែកតួនាទីភារកិច្ចឲ្យគាត់ (សហព័ន្ធកីឡា ជាតិ) ហើយឲ្យពួកគាត់ធ្វើការតាមដាន ត្រួតពិនិត្យខ្លួនឯង ទៅលើអ្វីដែលគាត់បានធ្វើ និងមិនទាន់ធ្វើ ហើយអ្វីដែលគាត់អាចជំរុញបាន។ យើងជឿជាក់លើសហព័ន្ធរបស់យើង ដែលត្រូវបានត្រៀម លក្ខណៈមុននេះ ថានឹងទទួលបានជោគជ័យក្នុងការរៀបចំរបស់គាត់បាន»