(ព្រុចសែល)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២ គឺកាលពីថ្ងៃចន្ទសប្តាហ៍នេះ ក្រុមរដ្ឋមន្រ្តីការបរទេស នៃប្រទេសជាសមាជិក សហ ភាពអឺរ៉ុប (EU) បានព្រមព្រៀងគ្នា ផ្តល់ជំនួយយោធាបន្ថែមចំនួន ៥០០លានអឺរ៉ូទៀត (៥០៧.៧លានដុល្លារ) ឱ្យដល់អ៊ុយក្រែន ក្នុងសង្រ្គាមប្រឆាំងការឈ្លានពានរបស់រុស្ស៉ី។
លោក ចូសេប បូរែល (Josep Borrel) តំណាងជាន់ខ្ពស់ EU ទទួលបន្ទុកកិច្ចការបរទេស និង គោលនយោបាយសន្តិសុខ បានប្រកាសពីដំណឹងខាងលើ ក្នុងសន្និសីទសារព័ត៌មានមួយ នៅឯទី ក្រុងព្រុចសែលនៃប្រទេសបែលហ្ស៉ិក ក្រោយកិច្ចប្រជុំនៃក្រុមប្រឹក្សាកិច្ចការបរទេស របស់សហភាព អឺរ៉ុប។ បើតាមលោក Borrel ក្រុមរដ្ឋមន្រ្តី EU បានយល់ស្របជាឯកច្ឆន្ទ លើភាពចាំបាច់នៃការបន្ត ឈរយ៉ាងរឹងមាំ ជាមួយអ៊ុយក្រែន។
លោក Borrel បានបន្ថែមថា ក្រុមរដ្ឋមន្រ្តីការបរទេសរបស់សមាជិក EU ក៏បានឯកភាពគ្នាលើ ការរឹតបន្តឹង ទណ្ឌកម្មដែលដាក់ទៅលើរុស្ស៉ី ហើយបិទចន្លោះប្រហោងនានា ដែលមាននៅក្នុង ចំណាត់ការបច្ចុប្បន្នផងដែរ។ មិនមែនប៉ុណ្ណោះ ក្រុមរដ្ឋមន្រ្តី EU ថែមទាំងបានពិភាក្សាគ្នា អំពីសំ ណើចុងក្រោយបំផុតរបស់គណៈកម្មាការអឺរ៉ុប ស្តីពីការហាមឃាត់ការនាំចូលមាសរបស់រុស្ស៉ី និងការអូសបន្លាយសុពលភាពទណ្ឌកម្មទៀតផង។
គួរបញ្ជាក់ថា បូកបន្ថែមជាមួយកញ្ចប់ជំនួយយោធាថ្មីខាងលើ គិតមកទល់ពេលនេះ ជំនួយ យោធាសរុបរបស់សហភាពអឺរ៉ុប សម្រាប់អ៊ុយក្រែន បានកើនដល់២.៥ពាន់លានអឺរ៉ូ (២.៥ពាន់ លានដុល្លារ)៕