ស្ដ្រីមានផ្ទៃពោះ និងកុមារក្រីក្រ អាយុក្រោម២ឆ្នាំ នឹងទទួលបានការឧបត្ថម្ភសាច់ប្រាក់ ចាប់ពីឆ្នាំ២០២០ តទៅ

ភ្នំពេញ ៖ ស្ដ្រីមានផ្ទៃពោះ និងកុមារក្រីក្រអាយុក្រោម២ឆ្នាំ នឹងទទួលបានការឧបត្ថម្ភសាច់ប្រាក់ ជូនចាប់ពីដើម ខែមករាឆ្នាំ២០២០នេះទៅហើយ ដើម្បីសម្រួលដល់ការងារនេះអោយបានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចប្រគល់ Tablets ចំនួន១០៥គ្រឿងអោយទៅក្រុមប្រឹក្សាសង្កាត់ទាំង១០៥ ក្នុងរាជធានីភ្នំពេញ យកទៅប្រើប្រាស់ជាប្រយោជន៍ក្នុងការអនុវត្តគម្រោងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុទាំងនោះឱ្យមានប្រសិទ្ធភាព។

ពិធីប្រគល់ និងទទួលនេះ បានឡើងនាព្រឹកថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកជំទាវ កែវ សុខពិសី អភិបាលរង តំណាងអភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីសង្កាត់ទាំង១០៥។

លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញបានគូសបញ្ជាក់ថា ផ្អែកតាមក្របខណ្ឌគោលនយោបាយជាតិ គាំពារង្គម២០១៦-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញឱ្យអនុវត្តនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ ក្នុងគ្រួសារក្រីក្រ ក្នុងគោលបំណង អភិវឌ្ឍន៏ធនធានមនុស្សចាប់តាំងពីទារកចាប់កំណើត ក្នុងផ្ទៃមាតារហូតដល់អាយុក្រោម២ឆ្នាំ ព្រមទាំងដើម្បីលើកកំពស់សុខុមាលភាពមាតា និងទារក ជួយដោះស្រាយបញ្ហាកង្វះអាហាររូបត្ថម្ភ និងដើម្បីជំរុញការលូតលាស់ ទាំងផ្នែកកាយសម្បទា និងបញ្ញាស្មារតី ឱ្យដល់ទារក កុមារ ជួយលើកកំពស់ជីវភាពស្ត្រីមានផ្ទៃពោះក្រីក្រ នៅតាមមូលដ្ឋានទូទាំងប្រទេសកម្ពុជា។

លោកជំទាវ កែវ សុខពិសី បានថ្លែងថា ការកសាងសមត្ថភាពមន្ត្រីអនុវត្តកម្មវិធី ជាពិសេស មន្ត្រីរដ្ឋបាលសង្កាត់ និងមូលដ្ឋានសុខាភិបាលសាធារណៈ ជាកិច្ចការបន្ទាន់ និងមិនអាចខ្វះបានក្នុងការកំណត់ភាពជោគជ័យនៃការអនុវត្តកម្មវិធី។ ដើម្បីសំរេចកិច្ចការនេះ រដ្ឋបាលរាជធានីភ្នំពេញសូមឱ្យ លោក លោកស្រី អាជ្ញាធរជំនាញពាក់ពន្ធ័ធ្វើយ៉ាងណាអនុវត្តកម្មវិធីឲ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមខ្លឹមសារដូចមានចែងក្នុងសៀវភៅប្រតិបត្តិគោល ស្ដីពី ការឧបត្ថម្ភសាច់ប្រាក់ ជូនស្ដ្រី មានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ចាប់ពីដើមខែមករា ឆ្នាំ២០២០នេះតទៅ៕