ចិនប្រាប់អាស៊ានកុំឱ្យក្លាយខ្លួនជា «កូនអុក» របស់ក្រុមប្រទេសមហាអំណាច


 (ហ្សាការតា) ៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២ បញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) នៅថ្ងៃចន្ទនេះ បានក្រើនរំលឹកថា បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ចាំបាច់ត្រូវតែចៀសវាងកុំឱ្យក្លាយខ្លួន ទៅជា  «កូនអុក» ដែលប្រើប្រាស់ដោយ ក្រុមប្រទេសមហាអំណាច។

ថ្លែងនៅលេខាធិការដ្ឋានអាស៊ាន ក្នុងរដ្ឋធានីហ្សាការតានៃប្រទេសឥណ្ឌូណេស៊ី លោក វ៉ាង បាន លើកឡើងថា ប្រទេសជាច្រើននៅតំបន់អាស៉ីអាគ្នេយ៍ បាននិងកំពុងស្ថិតក្រោមសម្ពាធ ឱ្យជ្រើស រើសយកជម្រើសម្ខាងៗ ខណៈតំបន់នេះកំពុងស្ថិតក្នុងហានិភ័យនៃការប្រែប្រួល ដោយសារតែ កត្តានយោបាយ។

លោកប្រមុខការទូតចិន បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ពួកយើងគួរតែការពារតំបន់នេះ ពីការគណនា ផ្នែកភូមិសាស្រ្តនយោបាយ… ពីការក្លាយខ្លួនជាកូនអុក ដែលក្រុមប្រទេសមហាអំណាចប្រើប្រាស់ ដើម្បីប្រកួតប្រជែងឥទ្ធិពលគ្នា និងពីការបង្ខិតបង្ខំ។ អនាគតនៃតំបន់របស់យើង គួរតែស្ថិតនៅក្នុងដៃ របស់ពួកយើងផ្ទាល់»

គួរបញ្ជាក់ថា វត្តមានរបស់លោក វ៉ាង យី នៅក្នុងប្រទេសឥណ្ឌូណេស៊ី គឺជាផ្នែកនៃដំណើរទស្សនកិច្ច របស់លោក ដើម្បីទៅចូលរួម កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស G20 ដែលបានប្រព្រឹត្តទៅនៅកោះបាលី កាលពីសប្តាហ៍មុន៕