រដ្ឋមន្ត្រីការងារ លើកឡើងថា ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ជាការអភិវឌ្ឍ ប្រព័ន្ធសន្តិសុខសង្គមពេញលេញនៅ

កម្ពុជា (ភ្នំពេញ)៖ ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ គឺជាជំហានថ្មីមួយទៀតដែលជាជំហានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមពេញលេញនៅកម្ពុជា។ នេះបើតាមឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម។

ឯកឧត្តម រដ្ឋមន្ត្រី អ៊ិត សំហេង លើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ រៀបចំធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ ដោយមានវត្តមានចូលរួមពីដល់ថ្នាក់ដឹកនាំក្រសួង មន្ទីរ អង្គភាព ចំណុះក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក៏ជាកិច្ចប្រជុំលើកទី១នៃយុទ្ធនាការ៩០ថ្ងៃក្នុងការផ្សព្វផ្សាយពីកាតព្វកិច្ច និងអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកប្រាក់សោធនដល់នាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត។

ឯកឧត្តម បានឱ្យដឹងថា ជាទូទៅ ប្រជាជនកម្ពុជា ក្រៅពីមិនហ៊ានចំណាយថវិកាលើការថែទាំ សុខភាព ក៏មិនមានទម្លាប់រៀបចំផែនការហិរញ្ញវត្ថុសម្រាប់ខ្លួនឯង នៅពេលដែលពួកគាត់ ឈានចូលដល់វ័យចាស់ជរានោះដែរ ដោយភាគច្រើនត្រូវពឹងផ្អែកលើការឧបត្ថម្ភរបស់កូនចៅ។ ទម្លាប់នេះជាកត្តាជំរុញឱ្យប្រជាជនកម្ពុជាប្រឈមនឹងហានិភ័យខ្ពស់ក្នុងការធ្លាក់ចូលក្នុងភាពក្រីក្រនៅពេលចូលដល់វ័យចាស់ជរា ហើយបញ្ហានេះត្រូវបានគិតគូរពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដោយបានដាក់ចេញនូវច្បាប់ស្តីពីរបបសន្តិសុខសង្គម។

ឯកឧត្តម បានបន្តថា នៅក្នុងច្បាប់នេះកំណត់ការគ្រប់គ្រងរបបសន្តិសុសង្គមនៃព្រះរាជាណាចក្រ កម្ពុជា ដែលរួមមានផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន និងផ្នែកនិកម្ម ភាពការងារ។ មកដល់ពេលនេះកម្ពុជាបានអនុវត្តរបបសន្តិសុខសង្គមចំនួន៣ រួមមាន៖ ទី១.ផ្នែកហានិភ័យការងារអនុវត្តនៅឆ្នាំ២០០៨ ទី២.ផ្នែកថែទាំសុខភាពអនុវត្តនៅឆ្នាំ២០១៦ និងទី៣.ផ្នែកប្រាក់សោធន ដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ។

ឯកឧត្តម បានថ្លែងថា «ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គល ទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ គឺជាជំហានថ្មីមួយទៀត ដែលជា ជំហានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមពេញលេញនៅកម្ពុជា និងជាចំណែកក្នុងការ អភិវឌ្ឍប្រព័ន្ធគាំពារសង្គមមួយដ៏រឹងមាំប្រកបដោយចីរភាព និងបរិយាបន្ន ដើម្បីជាប្រយោជន៍សម្រាប់ ប្រជាជនគ្រប់ក្រុមគោលដៅនិងជាពិសេសបង្ការហានិភ័យខ្ពស់នៃការធ្លាក់ចូលក្នុងភាពក្រីក្រនៅពេលចូលដល់វ័យចាស់ជរា»

ឯកឧត្តម បានបន្ថែមថា យុទ្ធនាការ៩០ថ្ងៃរបស់បេឡាជាតិសន្តិសុខសង្គម ពិតជាមានសារៈសំខាន់ ណាស់ក្នុងការផ្សព្វផ្សាយដល់នាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត នៃវិស័យឯកជនទាំងអស់ឱ្យបានដឹងពីកាតព្វកិច្ច និងអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលបានគិត គូរវែងឆ្ងាយដល់ស្ថិរភាពនៃប្រាក់ចំណូលរបស់ពួកគេ។ ការផ្សព្វផ្សាយនេះធ្វើឡើងដើម្បីធានាថាថ្នាក់ដឹកនាំក្រសួង មន្ទីរ អង្គភាពចំណុះឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទាំងអស់យល់ដឹងពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ ធ្វើយ៉ាងណាអាចផ្សព្វផ្សាយបន្តទៅកាន់នាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត ក៏ដូចជាសាធារណជននៅក្នុងមូលដ្ឋានរបស់ខ្លួន ពីកាតព្វកិច្ចរួមគ្នាចូលរួមអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គមឱ្យបានពេញលេញ ប្រកបដោយភាពពេញចិត្ត និងរីករាយសាទរ ជៀសវាងការទទួលនូវការញុះញង់ ការទទួលព័ត៌មានមិនពិតពីក្រុមជនអគតិមួយចំនួនតូច។

ក្នុងស្ថានភាពដែលប្រទេសកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ ការធានាផ្នែកសន្តិសុខសង្គម មានសារៈសំខាន់ខ្លាំងណាស់ក្នុងការផ្តល់នូវការគាំពារចំពោះប្រជាជនកម្ពុជា ដោយផ្អែកលើទស្សនទាននៃការចែករំលែក និងគោលការណ៍សាមគ្គីធម៌ក្នុងសង្គម តាមរយៈគោលការណ៍នៃការចែករំលែកប្រាក់ចំណូលតាមខ្សែទទឹង និងខ្សែបណ្តោយ គឺមានន័យថាអ្នកមានប្រាក់ចំណូលខ្ពស់ជួយដល់អ្នកមានប្រាក់ចំណូលទាប អ្នកមានសុខភាពល្អជួយដល់អ្នកមានជំងឺ ជនពិការ ឬអ្នកដែលទទួលរងនូវគ្រោះថ្នាក់ផ្សេងៗ ជនមានវ័យក្មេងជួយដល់ជនចាស់ជរា ដែលការនេះធ្វើឱ្យមនុស្សក្នុងសង្គមទាំងមូលទទួល បាននូវភាពកក់ក្តៅក្នុងជីវភាពរស់នៅ ធានារក្សាបានស្ថិរភាព និងភាពសុខដុមរមនានៅក្នុងសង្គម។

ឯកឧត្តម រដ្ឋមន្ត្រីជឿជាក់ថា បេឡាជាតិសន្តិសុខសង្គមនឹងនៅតែខិតខំអនុវត្តតួនាទីពង្រឹងនិង ពង្រីកវិសាលភាពរបស់ខ្លួន ផ្ដល់សេវាសាធារណៈដល់សមាជិក អនុលោមតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគោលបំណងធានាសន្ដិសុខប្រាក់ចំណូល រួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ស្ថិរភាពសង្គមដល់សមាជិក ប.ស.ស. ទាំងវិស័យសាធារណៈ និងឯកជន ក៏ដូចជាក្រុមគោលដៅផ្សេងៗជាបន្តបន្ទាប់ទៀត៕