សម្តេចតេជោ ហ៊ុន សែន ឆ្លៀតសួរសុខទុក្ខជនពិការប្រកបរបរម៉ាស្សា


(ភ្នំពេញ)៖ ក្នុងពេលអញ្ជើញធ្វើជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍នៅសណ្ឋាគារសុខា នាព្រឹកថ្ងៃចន្ទ ទី១១ ខែ កក្កដា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតចូលសួរសុខទុក្ខ ជនពិការមួយក្រុម ដែលប្រកបរបរម៉ាស្សានៅក្បែរសណ្ឋាគារនោះ។

ហាងម៉ាស្សាមានឈ្មោះថា «សំណាង ខេមបូឌា» គឺជាកន្លែងម៉ាស្សាផ្តល់សេវាដោយជនពិការភ្នែក។ ការអញ្ជើញចូលសួរសុខទុក្ខជនពិការនៅក្នុងហាងម៉ាស្សានេះ មិនមានបានរៀបចំទុកជាមុននោះ ឡើយ ពោលជាការអញ្ជើញចូលសួរសុខទុក្ខដោយមិនបានព្រៀងទុក។

ពេលធ្វើដំណើរចាកចេញពីកម្មវិធីសម្តេចតេជោ ហ៊ុន សែន ក៏បានក្រឡេកឃើញ ហើយសម្តេចក៏ បានប្រាប់អ្នកបើកបរឱ្យឈប់ និងដើរចូលទៅក្នុងហាងម៉ាស្សានោះតែម្តង។ វត្តមានរបស់សម្តេចតេជោបានធ្វើឱ្យបងប្អូនជនពិការបម្រើការងារនៅក្នុងហាងស្រឡាំងកាំងភ្ញាក់ផ្អើល ហើយក៏រំភើបផងដែរ។

ក្រៅតែពីការសាកសួរសុខទុក្ខ និងព័ត៌មានពាក់ព័ន្ធនឹងការប្រកបរបរហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកាមួយចំនួនជូនដល់បងប្អូនជនពិការបម្រើការងារនៅទីតាំងនោះផងដែរ។

សម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតដល់ការ រស់នៅរបស់បងប្អូនជនពិការ។ ការយកចិត្តទុកដាក់នេះ ដោយសារតែសម្តេចយល់ពីទុក្ខលំបាក របស់ជនពិការ ក្នុងនាមសម្តេចជាជនពិការភ្នែកផងដែរនោះ។ បន្ថែមពីលើនោះ ការយកចិត្តទុកដាក់ លើជនពិការ ជាស្មារតីនៃការទទួលខុសត្រូវក្នុងនាមជាប្រមុខដឹកនាំកម្ពុជា ដើម្បីជំរុញសមត្ថភាព និងលទ្ធភាពដល់ជនពិការ ខណៈដែលពួកគេមិនមានកាយសម្បទាគ្រប់គ្រាន់ ដើម្បីបង្កភាពងាយ ស្រួលក្នុងការរស់នៅ ឬប្រកបរបរចិញ្ចឹមជីវិតដូចអ្នកមានកាយសម្បទាគ្រប់គ្រាន់នោះ។

តាមរយៈកាយវិការនាព្រឹកមិញនេះ ជាការស្តែងឱ្យឃើញកាន់តែប្រចក្សថែមទៀតថា សម្តេចតេជោ ហ៊ុន សែន គឺជាប្រមុខរាជរដ្ឋាភិបាលមួយរូប ដែលបានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះជនពិការ។ ការយកចិត្តទុកដាក់របស់សម្តេចតេជោ បានធ្វើឱ្យសិទ្ធិរបស់ជនពិការត្រូវបានលើកកម្ពស់ ចៀសផុត ពីការប្រមាថមើលងាយទាំងឡាយហើយពួកគេមានឱកាសកាន់តែច្រើនក្នុងការចូលរួមសកម្មភាពនានានៅក្នុងសង្គម៕