(តូក្យូ)៖ យោងតាមការដកស្រង់ចេញផ្សាយពីទូរទស្សន៍ NHK នៅថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ ២០២២ បានប្រាប់អោយដឹងថា ជនសង្ស័យជាឃាតកបាញ់សម្លាប់លោក អាបេ សិនហ្សូ កាលពីថ្ងៃ សុក្រសប្ដាហ៍មុន បានសារភាពថាខ្លួនមានបំណងធ្វើឃាតអតីតនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ ដោយ ការបំផ្ទុះគ្រាប់បែក តែផែនការនេះត្រូវបានលុបចោលទៅវិញ។ បើតាម NHK នៅចំពោះមុខក្រុម អ្នកស៊ើបអង្កេត ជនសង្ស័យឈ្មោះ យ៉ាម៉ាហ្គាមិ តេស៊ុយ៉ា (Yamagami Tetsuya) បានអះអាង ថាពីដំបូងឡើយរូបគេមានបំណង សម្លាប់លោក អាបេ ដោយការបំផ្ទុះគ្រាប់បែកនៅឯព្រឹត្តិការណ៍ មួយក្នុងទីក្រុង អូកាយ៉ាម៉ា (Okayama) ដែលមានចម្ងាយផ្លូវធ្វើដំណើររយៈពេល ៣ម៉ោង ពីទីក្រុង Nara។ ជនសង្ស័យយ៉ាម៉ាហ្គាមិ បានបញ្ជាក់ដូច្នេះថា «ដំបូងឡើយ ខ្ញុំគិតចង់សម្លាប់លោកអតីត នាយករដ្ឋមន្ត្រីនៅទីនោះ (ទីក្រុងអូកាយ៉ាម៉ា) ប៉ុន្តែខ្ញុំបានឃើញថា នៅទីនោះមានសន្តិសុខយាមកាម តឹងរ៉ឹងនៅច្រកចូល ដែលពិបាកក្នុងការចូលទៅក្នុង»។
គួរបញ្ជាក់ថា ការធ្វើឃាតលោក អាបេ សិនហ្សូ បាន និងកំពុងបង្កឱ្យមានការចោទសួរជាខ្លាំងចំពោះ សន្តិសុខការពារថ្នាក់ដឹកនាំនៅក្នុងប្រទេសជប៉ុន ខណៈប៉ូលិសក្នុង ទីក្រុង Nara បានទទួលស្គាល់ ពីភាពចន្លោះប្រហារការពារសន្តិសុខជូនលោក អាបេ។ លោក អាបេ ត្រូវបានជនសង្ស័យយ៉ាម៉ា ហ្គាមិ មានអាយុ៤១ឆ្នាំ បាញ់សម្លាប់ កាលពីថ្ងៃសុក្រសប្ដាហ៍ កំលុងកំពុងថ្លែងសុន្ទរកថានៅលើ ដងផ្លូវក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន។ ជនសង្ស័យរូបបានចូលទៅក្បែរលោក អាបេ ពីខាងក្រោយ និងបានបាញ់ប្រហារចំនួន២គ្រាប់លើរូបលោក៕