លោក បូរីស ចនសុន កំពុងពិចារណាដើរចេញពីពិភពនយោបាយតែម្តង ក្រោយលាលែងពីតំណែង នាយករដ្ឋមន្រ្តី, នេះបើតាមកាសែតអង់គ្លេស


 (ឡុងដ៍)៖  តាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០២២ គឺកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ កាសែតអង់គ្លេស Daily Telegraph បានរាយការណ៍ ថា បន្ទាប់ពីត្រូវចុះចេញពីអំណាច តាមការបង្ខំរបស់គណបក្សលោកផ្ទាល់ លោក បូរីស ចនសុន កំពុងតែពិចារណាចាកចេញពី ពិភពនយោបាយទាំងស្រុងតែម្តង។

ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន កាសែត Daily Telegraph បានអះអាងថា នាពេលនេះ លោក Johnson កំពុងគិតគូរថាតើ រូបលោកគួរតែបន្តស្ថិតនៅជាសមាជិករដ្ឋសភា ដូចអ្វីដែលអតីត នាយករដ្ឋមន្រ្តីគឺ លោកស្រី ថេរីសា មេ (Theresa May) បានធ្វើកន្លងមក ឬមួយក៏ត្រូវបោះបង់ ចោលឱកាសនេះ នៅក្នុងការបោះឆ្នោតសកលអាណត្តិក្រោយ។

យោងតាមប្រភពដដែល គឺលោក Johnson កំពុងយកពេលវេលាចុងសប្តាហ៍នេះ ដើម្បីពិចារណា អំពីរឿងខាងលើ ប៉ុន្តែលោកហាក់មិនទាន់ឈានដល់ ការសម្រេចចុងក្រោយនៅឡើយទេ។ បន្ទាប់ពីចុះចេញពីតំណែងនាយករដ្ឋមន្រ្តីជាផ្លូវការ លោក ចនសុន ក៏អាចនឹងត្រឡប់ទៅរកការងារ និពន្ធសៀវភៅ និងថ្លែងសុន្ទរកថា សម្រាប់ព្រឹត្តិការណ៍ចម្រុះផ្សេងៗផងដែរ៕