(សៀងហៃ)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០២២អោយដឹងថា រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានទទូចឱ្យ រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី ផេននី វ៉ុង (Penny Wong) កុំចាត់ទុកចិនជាគូប្រជែង ប៉ុន្តែ គួរចាត់ទុកជាដៃគូនឹងគ្នាវិញទើបប្រសើរ ដើម្បីប្រមូលផ្តុំនូវ «ថាមពលវិជ្ជមាន» ហើយលើកកម្ពស់ ទំនាក់ទំនងឡើងវិញរវាងប្រទេសទាំងពីរ។
យោងតាមសេចក្តីសង្ខេប ដែលចេញផ្សាយកាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ ដោយក្រសួងការបរទេស ចិន គឺលោក វ៉ាង យី បានលើកឡើងនៅក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស G20 ដែលប្រព្រឹត្តទៅនៅ កោះបាលី នៃប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃសុក្រសប្តាហ៍នេះដូច្នេះថា «អូស្រ្តាលីនឹងអាចចាប់ យកឱកាស, ចាត់វិធានការជាក់ស្តែង ហើយព្យាយាមស្វែងយល់ឱ្យបានត្រឹមត្រូវអំពីចិន»។
លោកប្រមុខការទូតចិនបានបន្តថា «ដើមចមនៃបញ្ហានានា នៅក្នុងទំនាក់ទំនងរវាងចិននិងអូស្រ្តាលី ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ គឺបណ្តាលមកពីការចចេសរឹងរូស នៃរដ្ឋាភិបាលអូស្ត្រាលី អាណត្តិមុន ដែលបានចាត់ទុកចិនជាគូប្រជែង និងថែមទាំងជា «ការគំរាមកំហែង » ទៀតផង»។ ដោយឡែក កាលពីថ្ងៃសុក្រ លោកស្រី វ៉ុង បាននិយាយថា ជំនួបរបស់លោកស្រីជាមួយលោក វ៉ាង គឺជាជំហានដំបូងមួយ ឆ្ពោះទៅរកការផ្តល់ស្ថិរភាពឡើងវិញ ចំពោះទំនាក់ទំនងទ្វេភាគី៕