អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បន្ដតម្លើងម៉ាស៉ីនស្កេនកាំរស្មីអ៊ិច នៅច្រកទ្វារព្រំដែនអន្ដរជាតិ អូរយ៉ាដាវ និងត្រពាំងក្រៀល


 (ស្ទឹងត្រែង)៖ ក្រុមការងារតម្លើងម៉ាស៊ីនស្កេនកាំរស្មីអ៊ិច ក្រោមការដឹកនាំដោយ លោកឧត្តមសេនីយ៍ ឯក ឡុង ហាបាណា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានក្រុមការងារ ក្រោមការចង្អុលបង្ហាញរបស់ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២នេះ បានចុះធ្វើការតម្លើងម៉ាស៊ីនស្កេនកាំរស្មីអ៊ិច នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ដែលមានព្រំប្រទល់ជាប់នឹងប្រទេសវៀត ណាម និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ដែលមានព្រំប្រទល់ជាប់នឹង ប្រទេសឡាវ។

គូសបញ្ជាក់ផងដែរថា ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិទាំងពីរ គឺជាច្រកទ្វារព្រំដែនអន្តរជាតិ មួយដែល បានចូលរួមចំណែកយ៉ាងសំខាន់សម្រាប់ចរន្តសេដ្ឋកិច្ចជាតិ និងការធ្វើដំណើរទៅមក ដូចនេះម៉ាស៊ីនស្កេនកាំរស្មីអ៊ិច នឹងបន្តសម្រួលក្នុងការធានាឱ្យបានចំពោះការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ដើម្បីបន្តអនុវត្តភារកិច្ចរបស់មន្ត្រីនគរបាលអន្តោប្រវេសន៍ របស់ ក្រសួងមហាផ្ទៃឱ្យបានកាន់តែប្រសើរ។

ម៉ាស៊ីនស្កេនកាំរស្មីអ៊ិចនេះ គឺជាជំនួយឧបត្ថម្ភពីសំណាក់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាម រយៈផ្នែកសន្តិសុខ នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា ជូនចំពោះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សម្រាប់ ប្រើប្រាស់ ក្នុងការត្រួតពិនិត្យ ទប់ស្កាត់ការជួញដូរសព្វាវុធខុសច្បាប់ គ្រឿងញៀន និងសារធាតុ ញៀន ដើម្បីចូលរួមចំណែករក្សានូវសុវត្ថិភាព និងសន្តិសុខសង្គមជាតិ ជាពិសេសកិច្ចប្រជុំអាស៊ាន លើកទី៤០ ក្នុងឆ្នាំ២០២២នេះ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ម៉ាស៊ីនស្កេននេះត្រូវបានដាក់ ឱ្យប្រើប្រាស់ជាផ្លូវការក្រោយពេលតម្លើងរួច ស្របទៅតាមមតិដឹកនាំ របស់នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕