(ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរ ជាតិ បានវាយតម្លៃខ្ពស់ចំពោះការវិវត្តនៅក្នុងទំនាក់ទំនងរវាងកម្ពុជា និងទួកគី និងបានកោតសរសើរ ការរួមចំណែករបស់ លោកស្រី Ayda Ünlü ឯកអគ្គរដ្ឋទូតទួកគី ដល់ការរីកចំរើននៃទំនាក់ទំនង នេះ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ថ្លែងបែបនេះនៅក្នុងអំឡុងពេលលោកស្រីឯកអគ្គ រដ្ឋទូត ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២២។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានអបអរសាទរលោកស្រីឯកអគ្គរដ្ឋទូត ដែលបានទទួលមេដាយសហ មេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ ពីសម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាគ្រឿងឥស្សរិយយសខ្ពស់ បំផុតសម្រាប់ឥស្សរជនបរទេស។ លោកស្រីឯកអគ្គរាជទូត Ayda Ünlü បានសម្តែងនូវសេចក្តី សោមនស្សរីករាយជាខ្លាំង ដែលបានចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរំលឹកអំពីដំណើរទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្រ និងប្រកប ដោយជោគជ័យរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសតួកគី កាលពីខែតុលា ឆ្នាំ២០១៨ កន្លងទៅ ដែលដំណើរទស្សនកិច្ចនេះ បានកសាងនូវមូលដ្ឋានគ្រឹះសម្រាប់ការពង្រីក និងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។ ឯកឧត្តម ឧបនាយក រដ្ឋមន្ត្រី ក៏បានរំលឹកឡើងផងដែរអំពីដំណើរទស្សនកិច្ចផ្លូវការប្រកបដោយផ្លែផ្ការបស់លោក ទៅកាន់ ប្រទេសតួកគីកាលពីខែកុម្ភៈ ឆ្នាំនេះ និងបានកត់សម្គាល់ដោយការពេញចិត្តចំពោះការជួបជុំគ្នានា ពេលនោះរវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដែលបានត្រួសត្រាយផ្លូវសម្រាប់ការលើកកម្ពស់ ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាការសម្ពោធស្ថានឯកអគ្គរាជទូត កម្ពុជានៅ ទីនោះ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃទំនាក់ទំនង។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលតួគីសម្រាប់ជំនួយ អភិវឌ្ឍន៍ដែលបានផ្តល់ដល់ប្រទេសកម្ពុជា រួមទាំងគម្រោងសាងសង់លំនៅដ្ឋាននៅស្រុកស្អាង ខេត្ត កណ្តាល។ លោកស្រី Ayda Ünlü បានជម្រាបជូនលោកឧបនាយករដ្ឋមន្ត្រីថា ឯកអគ្គរដ្ឋទូតថ្មីនឹង បន្តជំនួយសម្រាប់គម្រោងនានា ដែលទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លំនៅដ្ឋាន និងសាលារៀន ជាដើម៕