ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា, អាចមានភ្លៀងធ្លាក់ពីតិចទៅច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់


 (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញ សេចក្តីជូនដំណឹង ស្តីពីការព្យាករធាតុអាកាស ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២។

ក្រសួងធនធានទឹកបានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជានឹងទទួលរងឥទ្ធិពល ពីជ្រលងនៃប្រព័ន្ធ សម្ពាធទាបដែល អូសបន្លាយលើភាគខាងជើង ប្រទេសថៃ ឡាវ និង វៀតណាម ដោយភ្ជាប់ទៅនឹង សម្ពាធទាបមួយនៅសមុទ្រចិនខាងត្បូង ។ សម្ពាធទាបនេះនឹងវិវត្តខ្លួន ជាបន្តបន្ទាប់ទៅជាព្យុះទី៣ ដោយមានដំណើរឆ្ពោះទៅកាន់កោះហៃណាំ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
* សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C
* សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C។
* នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ។ ក្នុងនោះក៏នឹងអាចមានភ្លៀងច្រើនដោយអន្លើលាយឡំ ទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅវាលទំនាបភាគកណ្តាល និងភាគពាយ័ព្យ។

២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន៖
* សីតុណ្ហភាពអប្បបរមាមានពី២៤-២៦°C
* សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C
* នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

៣-តំបន់មាត់សមុទ្រ៖
* សីតុណ្ហភាពអប្បបរមាមានពី ២៤-២៦°C
* សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C។
* នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕