(ព្រុចសែល)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០២២ បានបញ្ជាក់ថា អគ្គលេខាធិការអង្គការណាតូ (NATO) លោក ជេន ស្ដូល ធិនបឺគ (Jens Stoltenberg) បាននិយាយថាបក្សសម្ព័ន្ធយោធាមួយនេះ នឹងបង្កើនចំនួនកងទ័ព ដែលត្រូវបានដាក់ឱ្យ «ប្រុងជើងការខ្ពស់» ដល់ ៣០០,០០០នាក់ ខណៈកំពុងត្រៀមអនុម័តយុទ្ធ សាស្ត្រថ្មីមួយដែលនឹងចាត់ទុក រុស្ស៉ីជាការគំរាមកំហែងដោយផ្ទាល់។
លោក ស្ដូលធិនបឺគ ធ្វើការកត់សម្គាល់ខាងលើ នៅឯទីក្រុងព្រុចសែល នៅថ្ងៃចន្ទសប្ដាហ៍នេះ មុន នឹងកិច្ចប្រជុំកំពូល NATO ចាប់ផ្ដើមពីថ្ងៃទី២៨ ដល់ ថ្ងៃទី៣០ ខែមិថុនានេះក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។ ប្រមុខណាតូរូបនេះបានគូសបញ្ជាក់ដូច្នេះថា «រុស្ស៉ីបានដើរចេញឆ្ងាយពីភាព ជាដៃគូ និង កិច្ចសន្ទនាដែលណាតូ ព្យាយាមរក្សាជាមួយរុស្ស៉ីអស់រយៈពេលជាច្រើនឆ្នាំមកនេះ… ហើយពួកគេ (រុស្ស៉ី) បានសម្រេចចិត្តជ្រើសរើសយក ការប្រឈមមុខដាក់គ្នា ជាជាងកិច្ចសន្ទនា»។
គួរបញ្ជាក់ថា បើតាមលោក ស្ដូលធិនបឺគ នៅពេលអនាគត ណាតូនឹងបង្កើនចំនួនកងទ័ពដែលត្រូវបានដាក់ឱ្យប្រុងជើងការខ្ពស់ដល់ ៣០០,០០០នាក់ ធៀបទៅនឹងបច្ចុប្បន្ន មានតែ ៤០,០០០នាក់ ប៉ុណ្ណោះដែលកំពុងត្រៀមលក្ខណៈធ្វើសកម្មភាពភ្លាមៗ ក្នុងករណីចាំបាច់៕