(ភ្នំពេញ)៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បានជម្រាបជូនក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) នៃសហភាពមីយ៉ាន់ម៉ា នូវ «ក្តីកង្វល់យ៉ាងខ្លាំងរបស់សហសេវិកអាស៊ាន» ចំពោះរបាយ ការណ៍ស្ដីពីការផ្ទេរលោកស្រី អោងសាន ស៊ូជី ពីលំនៅដ្ឋានទៅកាន់ពន្ធនាគារនៅក្នុងទីក្រុងណៃ ពិដោ និងបានទទូចឱ្យក្រុមប្រឹក្សារដ្ឋបាលរដ្ឋ សម្របសម្រួលដល់ការបញ្ជូនលោកស្រីត្រឡប់ទៅ លំនៅដ្ឋានដែលជាទីតាំងលោកស្រីត្រូវបានឃុំខ្លួនពីដំបូង។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងក្នុងលិខិតផ្ញើជូន លោក Wunna Maung Lwin រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងពេលថ្មីៗនេះថា៖ «ខ្ញុំមិនមាន មន្ទិលសង្ស័យទេថាក្តីបារម្ភដូចគ្នានេះកើតឡើងហួសពីក្នុងរង្វង់អាស៊ាន ដោយហេតុថាលោកស្រី អោងសាន ស៊ូជី ត្រូវបានចាត់ទុកក្នុងរង្វង់អន្តរជាតិ និងដោយប្រជាជនជាច្រើននៅមីយ៉ាន់ម៉ាថា មានតួនាទីដ៏សំខាន់ក្នុងការវិលត្រឡប់ទៅរកប្រក្រតីភាព និងការផ្សះផ្សាជាតិឡើងវិញនៅក្នុងប្រទេស មីយ៉ាន់ម៉ា តាមរយៈដំណោះស្រាយនយោបាយដោយសន្តិវិធីមួយ»។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា ក្នុងតួនាទីជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពី មីយ៉ាន់ម៉ា «ខ្ញុំសូមលើកឡើងពីការទទូចរបស់សហសេវិកអាស៊ាន សូមអោយក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃមីយ៉ាន់ម៉ា ប្រកាន់យកក្តីអនុគ្រោះ និងសម្រួលដល់ការវិលត្រឡប់របស់លោកស្រី អោងសាន ស៊ូជី ទៅកាន់លំនៅដ្ឋានដែលលោកស្រីត្រូវបានឃុំខ្លួនពីដំបូង ដោយហេតុផលសុខភាព និងសុខមាលភាព ទ្រុឌទ្រោមរបស់លោកស្រី ក៏ដូចជាការអនុវត្តនីតិរដ្ឋប្រកបដោយយុត្តិធម៌ និងសុភវិនិច្ឆ័យ»។
ប្រេសិតពិសេសរបស់ប្រធានអាស៊ាន បានលើកឡើងថា «យើងទាំងអស់គ្នាមានទស្សនៈដូចគ្នាថា ការផ្សះផ្សាជាតិដោយសន្តិវិធី មិនអាចកើតឡើងបានឡើយ នៅពេលដែលភាគីមួយនៃជម្លោះ មិន ត្រូវបានបញ្ជូលទៅក្នុងសមីការ (equation) ដំណោះស្រាយ» និង បានគូសបញ្ជាក់ថា «អាស្រ័យហេតុ នេះ សហសេវិកអាស៊ានទាំងអស់ ជំរុញយ៉ាងខ្លាំងអោយក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់មីយ៉ាន់ម៉ា ចាប់ ផ្តើមដំណើរការប្រកបដោយបរិយាប័ន្ននៃការផ្សះផ្សាជាតិ ដោយមិនមានការពន្យារពេលបន្ថែមទៀត នោះឡើយ»។
ប្រេសិតពិសេសប្រធានអាស៊ាន បានបន្ថែមថា ដំណោះស្រាយនយោបាយដោយសន្តិវិធី ចំពោះ ជម្លោះមួយ ទោះបីជាមានភាពស្មុគស្មាញយ៉ាងណាក៏ដោយ ត្រូវតែមានការចែករំលែកលំហនយោ បាយដោយភាគីពាក់ព័ន្ធទាំងអស់។
សូមបញ្ជាក់ថា ការទទូចរបស់ប្រេសពិសេសប្រធានអាស៊ាន បានធ្វើឡើងក្រោយពេលរបបយោធា របស់មីយ៉ាន់ម៉ា បានសម្រេចប្តូរការឃុំខ្លួនលោកស្រី អោងសាន ស៊ូជី ពីការឃុំនៅក្នុងផ្ទះ ទៅដាក់ នៅពន្ធនាគារនាពេលថ្មីៗនេះ៕