(មូស្គូ)៖ យោងតាម ការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី Tass នៅថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២ បញ្ជាក់ថា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា ប្រទេសលោកខាងលិច ហាក់មានភាពស្ទាក់ស្ទើរក្នុងការឆ្លើយតបនឹងសំណួររបស់រុស្ស៉ីអំពីបញ្ហាទាហានស៉ីឈ្នួលរបស់ពួកគេ នៅអ៊ុយក្រែន។
ក្នុងបទសម្ភាសន៍ជាមួយរដ្ឋទូរទស្សន៍រុស្ស៉ីរ៉ូស៊ីយ៉ា វ័ន (Rossiya-1) លោកស្រី ហ្សាខារ៉ូវ៉ា ត្រូវបាន ពិធីករចោទសួរថាតើសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានទាក់ទងទៅខាងរុស្ស៉ីដែរឬទេ ដើម្បី សាកសួរអំពីបញ្ហាពាក់ព័ន្ធនឹងជនជាតិអាមេរិក ដែលកំពុងចូលរួមប្រតិបត្តិការនៅអ៊ុយក្រែននោះ? លោកស្រីបានឆ្លើយតបថា «ប្រទេសលោកខាងលិចកំពុងបង្កហេតុ និងអួតអាង ហើយពួកគេមិនចង់ ឆ្លើយសំណួរដែលយើងសួរអំពីសកម្មភាពរបស់ពួកគេទេ គឺដូចអ្វីដែលឯកអគ្គរដ្ឋទូតរុស្ស៉ី ប្រចាំនៅទី ក្រុងឡុងដ៏ លោក អាន់ដ្រេ កេលីន (Andrey Kelin) បានលើកឡើងយ៉ាងដូច្នោះដែរ»។
គួរបញ្ជាក់ថា បើតាមលោកស្រី ហ្សាខារ៉ូវ៉ា ប្រទេសលោកខាងលិចកំពុងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីធ្វើឲ្យជម្លោះនៅអ៊ុយក្រែនបន្តទៅបានយូរតាមដែល អាចធ្វើទៅបាន ចំពោះមុខការផ្តល់សព្វាវុធ ដល់ទីក្រុងកៀវជាបន្តបន្ទាប់៕