(មូស្គូ)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០២២ បានអោយដឹងថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅប្រទេសរុស្ស៉ី បានរាយការណ៍ថា យន្តហោះដឹកជញ្ជូនទំនិញមួយគ្រឿងធុន អ៉ីលីយូស៉ីន-៧៦ (Illyushin-76) បានធ្លាក់ហើយរងការឆាប ឆេះ ពេលព្យាយាមចុះចតនៅក្បែរទីក្រុង រីយ៉ាហ្សាន់ (Ryazan) នាព្រឹកថ្ងៃសុក្រនេះ។
ទីក្រុង Ryazan ស្ថិតនៅចម្ងាយប្រមាណ២០០គីឡូម៉ែត្រ ពីភាគអាគ្នេយ៍រដ្ឋធានីមូស្គូ។ ក្រៅពីអ្នកបាត់បង់ជីវិត មនុស្ស៦នាក់ផ្សេងទៀត ក៏ត្រូវគេរាយការណ៍ថា បានទទួលរងរបួសផងដែរ ខណៈបើតាមសេចក្តីរាយការណ៍បឋម គឺមានមនុស្សសរុប៩នាក់ ធ្វើដំណើរលើនោះ។ ខណៈយន្តហោះដែលធ្លាក់ត្រូវបានអះអាងថា ជាយន្តហោះប្រភេទ Ilyushin-76 គឺមិនទាន់មានការ បញ្ជាក់ពីអាជ្ញាធររុស្ស៉ីនៅឡើយទេ ថាតើវាជាយន្តហោះស៉ីវិល ឬក៏យន្តហោះយោធា។
គួរបញ្ជាក់ថា ពុំមានការរាយការណ៍ពីមនុស្សរងគ្រោះថ្នាក់នៅលើដីផ្ទាល់ ឬក៏ការខូចខាតចំពោះ សំណង់ហេដ្ឋារចនាសម្ព័ន្ធនោះទេ ដ្បិតយន្តហោះខាងលើ ហាក់បានធ្លាក់នៅទីវាលមួយកន្លែង ក្បែរផ្លូវចុះចត។ ចំណែក គ្រោះអគ្គិភ័យត្រូវគ្រប់គ្រងបានយ៉ាងឆាប់រហ័ស បន្ទាប់ពីរថយន្តពន្លត់ អគ្គិភ័យ និងរថយន្តសង្រ្គោះបន្ទាន់ជាច្រើនគ្រឿង ត្រូវបានបញ្ជូនទៅដល់កន្លែងធ្លាក់យន្តហោះ៕