ប្រព័ន្ធមីស៊ីលចម្ងាយឆ្ងាយរបស់សហរដ្ឋអាមេរិក បញ្ជូនទៅដល់ទីក្រុងកៀវ ហើយ, នេះបើតាមរដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន


(កៀវ)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែ មិថុនា ឆ្នាំ២០២២ គឺ អ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានអះអាងថា ខ្លួនទទួលបាននូវ ការផ្គត់ផ្គង់ប្រព័ន្ធមីស៊ីលបាញ់ចម្ងាយឆ្ងាយ HIMARS របស់សហរដ្ឋអាមេរិកហើយ ជាមួយ នឹងក្តី សង្ឃឹមថាអាចនឹងតស៊ូប្រយុទ្ធប្រឆាំងនឹងទាហានរុស្ស៉ី ក្នុងតំបន់ដុនបាស់។

លោក អូឡិចស៊ី រ៉េសនីកូវ (Oleksii Reznikov) រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន បានសរសេរនៅលើ Twitter យ៉ាងដូច្នេះថា «សូមអរគុណដល់សម្ព័ន្ធមិត្តអាមេរិក ជាពិសេស មិត្តរបស់ខ្ញុំ គឺលោករដ្ឋ មន្រ្តីការពារជាតិ ឡយដ៍ អូស្ទីន (Lloyd Austin) សម្រាប់សព្វាវុធដ៏មានអនុភាពនេះ»។ ព្រមជាមួយនឹងការមកដល់នៃសព្វាវុធដ៏ទំនើបនេះ លោក រ៉េសនីកូវ ក៏បានគូសបញ្ជាក់ថា «នារដូវ ក្តៅនេះ នឹងជាពេលវេលាចុងក្រោយសម្រាប់កងកម្លាំងរបស់រុស្ស៉ី ដែលកំពុងកាន់កាប់លើទឹកដីអ៊ុយ ក្រែន»។ យ៉ាងនេះក្តី លោក មិនបានបញ្ជាក់អំពីចំនួនជាក់លាក់នៃប្រព័ន្ធមីស៊ីល HIMARS ដែល ត្រូវបានបញ្ជូនទៅដល់ទីក្រុងកៀវនៅពេលនេះទេ។

សូមបញ្ជាក់ថា កន្លងទៅ អ៊ុយក្រែននិយាយថាខ្លួនត្រូវការប្រព័ន្ធមីស៊ីល HIMARS ដើម្បីប្រើប្រាស់ ក្នុងសមរភូមិនៃតំបន់ដុនបាស់ (Donbas) ចំពោះមុខការព្រមានពីរុស្ស៉ីថា ខ្លួននឹងវាយប្រហារលើ គោលដៅនានាដែលពួកគេ «មិនទាន់បានវាយលុក» ក្នុងប្រទេសអ៊ុយក្រែន ប្រសិនបើលោកខាង លិចផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយ ដល់ទីក្រុងកៀវពិតមែននោះ៕