(សេអ៊ូល)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០២២អោយដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានបញ្ជាឲ្យយោធាខិតខំពង្រឹងសមត្ថភាពការពារប្រទេស ឱ្យកាន់តែខ្លាំងថែមទៀត កំលុងការបិទ បញ្ចប់កិច្ចប្រជុំសំខាន់មួយ ជាមួយក្រុមមន្រ្តីយោធាកំពូលៗរបស់លោក ស្របពេលដែលអន្តរជាតិ កំពុងមានការព្រួយបារម្ភ អំពីកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថាដូច្នេះថា «កិច្ចប្រជុំគណៈកម្មាការ យោធាមជ្ឈិមលើកទី៨ ដែលបានរៀបចំឡើងរយៈពេល៣ថ្ងៃមកនេះ
ក្រោមអធិបតីភាពរបស់លោក គីម បានអនុម័តលើបញ្ហាយ៉ាងសំខាន់មួយ
ស្តីពីការផ្តល់ការធានាផ្នែកយោធា ដើម្បីបន្តពង្រឹងសមត្ថ ភាពបង្ការសង្រ្គាមរបស់ប្រទេស
ឱ្យកាន់តែខ្លាំងក្លារឹងមាំ។
កំលុងកិច្ចប្រជុំនោះ រដ្ឋាភិបាលកូរ៉េខាងជើង
ក៏បានធ្វើការលើកឡើងយ៉ាងកម្រមួយ អំពីការត្រួត ពិនិត្យឡើងវិញចំពោះ ផែនការធ្វើសង្រ្គាមរបស់ខ្លួនផងដែរ
ហើយបាននិយាយថា ខ្លួនបានសម្រេច បង្កើនភារកិច្ចប្រតិបត្តិនៃអង្គភាពជួរមុខ
ជាមួយនឹងផែនការសកម្មភាពយោធាដ៏ចម្បងមួយ។
គួរបញ្ជាក់ថា កិច្ចប្រជុំខាងលើបានប្រព្រឹត្តទៅ ក្រោមការតាមដានយ៉ាងដិតដល់ពីសំណាក់អន្តរជាតិ ដោយសារតែមានការរំពឹងទុកថាទីក្រុងព្យុងយ៉ាងអាចធ្វើការសាកល្បងនុយក្លេអ៊ែរលើកដំបូងរបស់ខ្លួន ក្នុងរយៈពេល៥ឆ្នាំមកនេះ ដែលមន្រ្តីអាមេរិកនិងកូរ៉េខាងត្បូងនិយាយថា អាចកើតឡើងបានគ្រប់ ពេលវេលា៕