ព្រះអង្គម្ចាស់រាជទាយាទគុយវ៉ែត ប្រកាសរំសាយសភា និងអំពាវនាវឲ្យមានការបោះឆ្នោតជាតិជាថ្មី

 (ឌូបៃ)៖  យោងតាមការចេញផ្សាយដោយ សារព័ត៌មាន Arab News នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០២២ គឺព្រះអង្គម្ចាស់រាជទាយាទ នៃរដ្ឋគុយវ៉ែត បានប្រកាសរំលាយសភា ហើយ បានអំពាវនាវឱ្យមានការបោះឆ្នោតថ្មីក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

ព្រះអង្គម្ចាស់ Mishal Al-Ahmad Al-Sabah បានមានព្រះបន្ទូលថា «ថ្ងៃនេះយើងបានសម្រេចចិត្ត រំលាយរដ្ឋសភាតាមរដ្ឋធម្មនុញ្ញ ហើយងាកទៅរកការបោះឆ្នោត»

ព្រះអង្គម្ចាស់ បាន បន្ថែម ថា « យើងនឹងមិនជ្រៀតជ្រែកក្នុងការបោះឆ្នោតឬ ក្នុងការជ្រើសរើស ប្រធានសភាបន្ទាប់នោះ ទេ»

ព្រះអង្គម្ចាស់ក្សត្រិយ៍បានកត់សម្គាល់ថា ដំណាក់កាលបន្ទាប់តម្រូវឱ្យមានវិធីសាស្រ្តរឹងមាំ និងទម្រង់ ថ្មី ចំពេលមានស្ថានការណ៍នយោបាយក្នុងតំបន់ដ៏ចលាចល។

ព្រះអង្គម្ចាស់បន្តថា «ប្រជាពលរដ្ឋរបស់យើងមិនពេញចិត្តនឹងការងាររបស់ស្ថាប័ននីតិប្បញ្ញត្តិ និង នីតិប្រតិបត្តិទេដោយលើកឡើងពីភាពតានតឹងកាន់តែខ្លាំងឡើងរវាងភាគីទាំងពីរក្នុងការរារាំងការអភិវឌ្ឍន៍ប្រទេស និងការឯកភាពជាតិ»