(ព្រុចសែល)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០២២ បានប្រាប់អោយដឹងថា មេដឹកនាំសហភាពអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ នេះបានសម្រេចផ្ដល់ «ឋានៈជាបេក្ខភាព» ដល់អ៊ុយក្រែនជាផ្លូវការហើយ ដែលនេះជា ការបោះ ជំហានមួយដ៏សំខាន់ឆ្ពោះទៅរកសមាជិកភាពចូលរួមក្នុងក្លឹបប្រទេសទាំង ២៧។
ការប្រកាសខាងលើរបស់មេដឹកនាំអឺរ៉ុប ធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប ដែលប្រព្រឹត្ត ទៅពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមិថុនានេះ។ ថ្លែងនាឱកាសនោះ ប្រមុខគោលនយោបាយការ បរទេសសហភាពអឺរ៉ុប លោក ចូសែប បូរែល (Josep Borrell) បានគូសបញ្ជាក់ដូច្នេះថា «ប្រជាជន អ៊ុយក្រែនគឺជាសមាជិកគ្រួសារអឺរ៉ុប។ អនាគតរបស់អ៊ុយក្រែនគឺនៅជាមួយសហភាពអឺរ៉ុប ហើយថ្ងៃ នេះជាការចាប់ផ្ដើមដំណើរផ្លូវដ៏វែងឆ្ងាយដែលយើង នឹងត្រូវដើរជាមួយគ្នា»។
ដោយឡែក ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏បានសាទរចំពោះការសម្រេច ចិត្តរបស់មេដឹកនាំសហភាពអឺរ៉ុបផងដែរ ដោយចាត់ទុក ថាវាជាការសម្រេចចិត្តជាប្រវត្តិសាស្ត្រ ទោះជាអ៊ុយក្រែនត្រូវបានគេជឿជាក់ថាអាចនឹងត្រូវចំណាយពេលរាប់ឆ្នាំឯណោះដើម្បីអាចក្លាយជាសមាជិក សហភាពអឺរ៉ុប។ ប៉ុន្តែអ្វីដែលសំខាន់ នោះគឺការសម្រេចចិត្តផ្ដល់ឋានៈជាបេក្ខភាពនៅពេល នេះ វាជានិមិត្តរូប និងជាការបង្ហាញពីឆន្ទៈនយោបាយកាន់តែខ្លាំង របស់សហភាពអឺរ៉ុបចំពោះ អ៊ុយក្រែន ដែលកំពុងតស៊ូប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។
គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូលខាងលើ មេដឹកនាំអឺរ៉ុបក៏បានប្រកាសផ្ដល់ឋានៈជាបេក្ខភាព ដល់ប្រទេសម៉ុលដាវីផងដែរ រីឯហ្ស៊កហ្ស៊ីនឹងត្រូវផ្ដល់ឋានៈ បែបនេះ នៅពេលអាចបំពេញតាមលក្ខ ខណ្ឌពេញលេញ៕