ប៉េកាំង ប្រាប់អាមេរិក ថា ចិន នឹងមិនរារែកចិត្តឡើយ ក្នុងការធ្វើសង្រ្គាមដើម្បីតៃវ៉ាន់

 (សិង្ហបុរី)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១១ ខែ មិថុនា ឆ្នាំ២០២២ បានអោយដឹងថា រដ្ឋមន្ត្រីការពារជាតិចិន លោក វ៉ី ហ្វេងហ៉ី (Wei Fenghe) បានព្រមានសមភាគីអាមេរិករបស់លោក គឺលោក ឡយដ៍ អូស្ទីន ថាទីក្រុងប៉េកាំង នឹងមិនរារែកចិត្ត ឡើយ ក្នុងការធ្វើសង្រ្គាម ប្រសិនបើតៃវ៉ាន់ប្រកាសឯករាជ្យ ឬមានជនទី៣ណាមួយបំបែកតៃវ៉ាន់ ចេញពី ចិន។

ការព្រមានខាងលើរបស់លោក វ៉ី ហ្វេងហ៊ី ធ្វើឡើងនៅក្នុងជំនួបទល់មុខដោយផ្ទាល់ជាលើកដំបូង របស់លោក ជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន កំលុងកិច្ចប្រជុំសាងគ្រីឡា (Shangri-La) រៀបចំឡើងនៅសិង្ហបុរី កាលពីថ្ងៃសុក្រសប្ដាហ៍នេះ។

តាមរយៈការដកស្រង់សម្ដីរបស់លោក វ៉ី ហ្វេងហ៉ី នៅក្នុងជំនួបនោះ អ្នកនាំពាក្យក្រសួងការពារជាតិ ចិន លោក វូ ជៀន (Wu Qian) បាន បានឱ្យដឹងថា លោក វ៉ី បានព្រមានលោក អូស្ទីនថា នរណាក៏​ដោយឱ្យតែហ៊ានបំបែកតៃវ៉ាន់ចេញពីចិន នោះកងទ័ពចិននឹងមិនរារែកចិត្ត ឡើយ ក្នុងការធ្វើសង្រ្គាម ទោះជាត្រូវលះបង់តម្លៃណាក៏ដោយ។ លោក ជៀន បន្ថែមថាតៃវ៉ាន់គឺជាផ្នែកមួយរបស់ចិន…ហើយ ការប្រើតៃវ៉ាន់ ដើម្បីគ្រប់គ្រងចិន នឹងមិនទទួលបានជោគជ័យ ទេ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលចិនធ្វើការព្រមានពីលទ្ធភាពផ្ទុះសង្រ្គាម តែគួរឱ្យ កត់សម្គាល់ការព្រមាននៅពេលនេះ កើតមានឡើងនៅចំពេលស្ថានការណ៍ នៅច្រកសមុទ្រតៃវ៉ាន់ កាន់តែតានតឹងឡើង ក្រោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពី ខែឧសភាកន្លងទៅ បានប្រកាសជាសាធារណៈថាសហរដ្ឋអាមេរិកនឹងប្រើកម្លាំងយោធាដើម្បីការពារកោះតៃវ៉ាន់ ប្រសិន​បើមាន ការវាយប្រហារពីចិន៕