(ពោធិ៍សាត់)៖ គ្រោះធម្មជាតិភ្លៀងលាយខ្យល់កន្ត្រាក់ បានវាយប្រហារលើតំបន់ខ្លះនៅក្នុងក្រុងពោធិ៍សាត់ ស្រុកកណ្តៀង និងស្រុកបាកាន នៃខេត្តពោធិ៍សាត់ កាលពីល្ងាចថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ បានបំផ្លាញផ្ទះសម្បែង ប្រជាពលរដ្ឋអស់ជិត៤០ខ្នង និងខូចខាតសម្ភារមួយចំនួនទៀត តែមិនបណ្តាលឱ្យរងគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្សឡើយ។
យោងតាមតួលេខបឋម របស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះ បានឱ្យដឹងថា កាលពីវេលាម៉ោង ០៣៖៣៥នាទី ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញ នៅតំបន់ខ្លះក្នុងក្រុងពោធិ៍សាត់ មានករណីគ្រោះធម្មជាតិភ្លៀងលាយខ្យល់កន្រ្តាក់ បណ្ដាលឱ្យខូចខាតដំបូងផ្ទះរបស់ប្រជាពលរដ្ឋអស់ ចំនួន០៩ខ្នង និងខូចខាតសម្ភារមួយចំនួនទៀត។
ប្រភពបានបន្តថា កាលពីវេលាម៉ោង ០២៖២៥នាទី ថ្ងៃខែឆ្នាំដដែល នៅតំបន់ខ្លះក្នុងស្រុកកណ្តៀង ក៏មានករណីគ្រោះធម្មជាតិភ្លៀងលាយខ្យល់កន្រ្តាក់ បណ្ដាលឱ្យខូចខាតដំបូងផ្ទះរបស់ប្រជាពលរដ្ឋអស់ ចំនួន២៣ខ្នង និងខូចខាតសម្ភារមួយចំនួនទៀត។
ប្រភពបានបន្ថែមថា ដោយឡែកកាលពីវេលាម៉ោង ០៤ និង៥០នាទី ថ្ងៃខែឆ្នាំដដែល នៅតំបន់ខ្លះក្នុងស្រុកកណ្តៀង ក៏មានករណីគ្រោះធម្មជាតិភ្លៀងលាយខ្យល់កន្រ្តាក់ដូចគ្នា បណ្ដាលឱ្យខូចខាតដំបូងផ្ទះរបស់ប្រជាពលរដ្ឋអស់ ចំនួន០៥ខ្នង និងខូចខាតសម្ភារមួយចំនួនទៀតផងដែរ។
ជុំវិញគ្រោះធម្មជាតិខាងលើនេះ គឺពុំបណ្តាលឱ្យរងគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្សឡើយ តែទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរ ក៏ដូចកងកម្លាំងមានសមត្ថកិច្ចបានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលមានភ្លៀង ខ្យល់ ផ្គរ រន្ទះ គប្បីត្រូវរកទីកន្លែងជ្រកដែល មានសុវត្ថិភាពខ្ពស់ ដើម្បីធានាដល់អាយុជីវិត៕