(ភ្នំពេញ)៖ តាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ ឱ្យដឹងនៅថ្ងៃទី១១ ខែមិថុនា នេះថា យ៉ាងហោចណាស់មានជនសង្ស័យ៥៣នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញនេះ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង៥៣នាក់នោះ មាន ១៨នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ១២ករណី និងជនសង្ស័យ ៣៥នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសគ្រឿងញៀន១៤ករណី។
អ្នកនាំពាក្យក្រសួងមហាផ្ទៃបានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយ ការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយ ការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕