កម្ពុជាទទួលបានទង់ស៊ីហ្គេមជាផ្លូវការ ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះជាប្រវត្តិសាស្ដ្រនាឆ្នាំ២០២៣


 (ហាណូយ)៖ កម្ពុជាបានទទួលទង់ជ័យរបស់ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលហៅ កាត់ថា «ទង់ស៊ីហ្គេម» ជាផ្លូវការហើយ ដើម្បីនាំយកទៅរាជធានីភ្នំពេញ និងរៀបចំពិធីដង្ហែ នាល្ងាច ថ្ងៃទី២៤ ខែឧសភាសនេះ សម្រាប់ត្រៀមខ្លួនធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣ ខាងមុខ ។ពិធីប្រគល់-ទទួលទង់ស៊ីហ្គេមនេះ បានធ្វើឡើងក្នុងពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ នៅរាត្រីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នេះ ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការ ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ផងដែរ ។

សម្រាប់ថ្ងៃពិសេសក្នុងដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជានេះ ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ក្នុងនាមប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជា ប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ បានអញ្ជើញទង់ស៊ីហ្គេមផ្ទាល់ពីភាគីវៀតណាម ដើម្បីបន្ដវេនធ្វើម្ចាស់ផ្ទះនាឆ្នាំក្រោយ មុនលោករដ្ឋមន្ដ្រី ប្រគល់ឲ្យឯកឧត្តម វ៉ាត់ ចំរើន នាយបេស កកម្មស៊ីហ្គេមកម្ពុជា សម្រាប់នាំយកទៅប្រគល់ជូនសម្ដេចពិជ័យសេនា ទៀ បាញ់ តែម្ដង ។

សូមបញ្ជាក់ថា ក្រោយទទួលបានទង់ស៊ីហ្គេម នៅល្ងាចថ្ងៃទី២៤ ខែឧសភាស្អែកនេះ CAMSOC និង NOCC នឹងរៀបចំពិធីដង្ហែទង់ស៊ីហ្គេមនេះ ពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ តាមមហា វិថីសំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅវិមានឯករាជ្យ ហើយបន្ដដង្ហែទៅបញ្ចប់នៅ ទីស្នាក់ការ NOCC ។ តាមរយៈនេះ NOCC បានធ្វើការជូនដំណឹង ដោយអំពាវនាវឲ្យប្រជាពល រដ្ឋទាំងអស់ ត្រៀមខ្លួនចូលរួមអបអរសាទរពិធីដង្ហែទង់ស៊ីហ្គេមនេះ ដែលសបញ្ជាក់ថា ស៊ីហ្គេម បានទៅដល់កម្ពុជា ដើម្បីរួមចំណែកឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ នាឆ្នាំ២០២៣ ទាំងអស់គ្នា ៕