អ្នកការទូតរុស្ស៉ីប្រចាំ UN ប្រកាសលាលែងពីតំណែង ដោយសម្តែងពីភាពអាម៉ាស់ចំពោះការឈ្លាន ពានរបស់រុស្ស៉ីលើអ៊ុយក្រែន


 (ហ្សឺណែវ)៖  យោងតាមការចេញផ្សាយដោយ The New York Times នៅថ្ងៃចន្ទ ទី២៣ ខែ ឧសភា ឆ្នាំ២០២២ បញ្ជាក់ថា អ្នកការទូតរុស្ស៊ីប្រចាំបេសកកម្មអង្គការសហប្រជាជាតិក្នុងទីក្រុង ហ្សឺណែវ បានសម្រេចលាលែងពីតំណែង នៅ ថ្ងៃ ចន្ទសប្តាហ៍នេះ ដោយសម្តែងការអាម៉ាស់ចំ ពោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនហើយពិពណ៌នាថា វាជាឧក្រិដ្ឋកម្ម ប្រឆាំង នឹង ប្រទេស ទាំងពីរ។

លោក Boris Bondarev ដែលជាទីប្រឹក្សានៅក្នុងបេសកកម្មរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ តាំង ពីឆ្នាំ២០១៩ និងដែលបានហៅខ្លួនឯងថា ជាអតីតយុទ្ធជនរយៈពេល ២០ឆ្នាំនៃកិច្ចការបរទេសរុស្ស៊ី បានប្រកាសលាលែងពីតំណែងតាមរយៈសារអ៊ីមែលមួយ ដែលផ្ញើទៅកាន់អ្នកការទូតនៅទីក្រុង ហ្សឺណែវនៅថ្ងៃចន្ទ ទី២៣ ខែឧសភានេះ។ ការលាលែងពីតំណែងរបស់លោក គឺជាកាយវិការដ៏កម្រ បំផុតនៃការតវ៉ាដែលធ្វើឡើង ដោយអ្នកការទូតរុស្ស៊ីជុំវិញសង្គ្រាមនៅអ៊ុយក្រែន។

លោកបានសរសេរយ៉ាងដូច្នេះថា «អស់រយៈពេល ២០ឆ្នាំ នៃអាជីពការទូតរបស់ខ្ញុំ ខ្ញុំបានឃើញការ ផ្លាស់ប្តូរជាច្រើន នៃគោលនយោបាយការបរទេសរបស់យើង ប៉ុន្តែខ្ញុំមិនដែលជួបរឿងអាម៉ាស់ចំពោះ ប្រទេសរបស់ខ្ញុំ ដូចព្រឹត្តិការណ៍នៅថ្ងៃទី ២៤ខែកុម្ភៈនេះទេ»

លោកបានបន្ថែមថា «សង្រ្គាមឈ្លានពានដែលបានបង្កឡើងដោយលោក ពូទីន ប្រឆាំងនឹងអ៊ុយក្រែន ដែលជាការពិតប្រឆាំងនឹងលោកខាងលិចទាំងមូលនោះ មិនត្រឹមតែជាឧក្រិដ្ឋកម្មប្រឆាំងនឹងប្រជាជន អ៊ុយក្រែនប៉ុណ្ណោះទេប៉ុន្តែវាក៏ជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរបំផុតប្រឆាំងនឹងប្រជាជននៃប្រទេសរុស្ស៊ីផងដែរ»