(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាស ធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។
ក្រសួងធនធានទឹកបានបញ្ជាក់ថា នៅក្នុងរយៈពេល១សប្ដាហ៍ទៅមុខ កម្ពុជានឹងទទួលនូវឥទ្ធិពល ពីជ្រលងសម្ពាធទាបឥណ្ឌា ក្នុងកម្រិតមធ្យម និងខ្យល់មូសុងនិរតីក្នុងកម្រិតពីបង្គួរទៅខ្លាំង។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១៖តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C * សីតុណ្ហភាពអតិបរមា មានពី៣៣-៣៥ °C * អាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅខ្លាំង លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។ តែចាប់ពីថ្ងៃ២២-២៤ ខែឧសភា បរិមាណទឹកភ្លៀងនឹងចុះថមថយបន្តិចវិញ។
២៖ តំបន់ខ្ពង់រាប * សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C * សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C * អាចមានភ្លៀងនៅ ក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយផ្តរន្ទះ និងខ្យល់ កន្ត្រាក់ ។
៣៖តំបន់មាត់សមុទ្រ * សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C * សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C * នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់។ ទន្ទឹមនោះនៅលើផ្ទៃសមុទ្រក៏អាចមានភ្លៀងផ្គរ រន្ទះ ខ្យល់ខ្លាំង និងរលកសមុទ្រ ខ្ពស់ផងដែរ៕