គ.ជ.ប ចេញសេចក្តីណែនាំពីការពង្រឹងសន្តិសុខ របៀបរៀបរយក្នុងការិយាល័យបោះឆ្នោត, រាប់សន្លឹកឆ្នោត ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

(ភ្នំពេញ)៖ ដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ និង បរិយាកាសស្ងប់ស្ងាត់ល្អ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមណែនាំដល់ ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ប្រធានគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប) និងប្រធានគណៈកម្មការ ការិយាល័យបោះឆ្នោត និងរាប់សន្លឹក ឆ្នោត (គ.ក.ប/គ.ក.រ) ដូចខាងក្រោម ៖

១៖ អ្នកដែលមានសិទ្ធិចូលក្នុងការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត

ក. អ្នកដែលមានសិទ្ធិចូលក្នុងការិយាល័យបោះឆ្នោត ត្រូវបានអនុញ្ញាតឱ្យចូលក្នុងការិយាល័យបោះឆ្នោត និងបរិវេណខាងក្នុង នូវជនទំាងឡាយដូចខាង ក្រោម៖
* មន្រ្តីបោះឆ្នោត ដែលបានទទួលការតែងតំាងពី គ.ជ.ប
* ភ្នាក់ងារគណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះ និងដែលបានអនុញ្ញាត និងអ្នក សង្កេតការណ៍ដែលមានប័ណ្ណសម្គាល់ផ្តល់ឱ្យដោយ គ.ជ.ប
* អ្នកសារព័ត៌មានដែលមានប័ណ្ណសម្គាល់ផ្តល់ឱ្យដោយ គ.ជ.ប ។ ក្នុងករណីគ្មានប័ណ្ណសម្គាល់អនុញ្ញាត អ្នកសារព័ត៌មានអាចចូលក្នុងការិយាល័យបោះឆ្នោត ដើម្បី គោលបំណងបោះឆ្នោតតែប៉ុណ្ណោះ ប្រសិនបើគាត់មានឈ្មោះបោះឆ្នោតនៅការិយាល័យបោះឆ្នោត នោះ
* អ្នកដែលមានសិទ្ធិបោះឆ្នោត ហើយត្រូវបោះឆ្នោតនៅការិយាល័យបោះឆ្នោតនោះ
* ជនដែលអមដំណើរអ្នកបោះឆ្នោតជាជនមានពិការភាព តាមលក្ខខណ្ឌដូចមានចែងក្នុងមាត្រា ១១៦ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
* ភ្នាក់ងារសន្តិសុខបោះឆ្នោត និងភ្នាក់ងារសង្គ្រោះ នៅពេលដែលប្រធាន គ.ក.ប ធ្វើសំណូមពរក្នុងករណីចាំបាច់។

ខ. អ្នកដែលមានសិទ្ធិចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត ត្រូវបានអនុញ្ញាតឱ្យចូលក្នុងការិយាល័យ រាប់សន្លឹកឆ្នោត និងបរិវេណខាងក្នុងនូវជនទំាងឡាយដូចខាងក្រោម៖

* មន្រ្តីរាប់សន្លឹកឆ្នោត ដែលបានទទួលការតែងតាំងពី គ.ជ.ប
* ភ្នាក់ងារគណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះ និងដែលបានអនុញ្ញាតអ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មានដែលមានប័ណ្ណសម្គាល់ផ្តល់ឱ្យដោយ គ.ជ.ប
* ភ្នាក់ងារសន្តិសុខបោះឆ្នោត និងភ្នាក់ងារសង្គ្រោះ នៅពេលដែលប្រធាន គ.ក.រ ធ្វើសំណូមពរ ក្នុងករណីចាំបាច់។

ទី២៖ អ្នកដែលមិនមានសិទ្ធិចូលក្នុងការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត មិនត្រូវបាន អនុញ្ញាតឱ្យចូលក្នុងការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត និងបរិវេណខាងក្នុងនូវជនទំាង ឡាយដែលមិនស្ថិតក្នុងចំណុចទី១ ខាងលើ។ អ្នកដែលប្រព្រឹត្តអំពើល្មើសដូចមានចែងក្នុងចំណុចខាងលើ ត្រូវទទួលពិន័យតាមមាត្រា១៧១ នៃ ច.ប.ឃ.ស ដោយការផាកពិន័យជាប្រាក់ពី ៥,០០០,០០០រៀល ទៅ ២០,០០០,០០០រៀល ដោយ គ.ជ.ប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត។

ទី៣៖ អំពីកិច្ចសហការ និងការអនុវត្ត

គធ.ខប គឃ.សប និង គ.ក.ប/គ.ក.រ ត្រូវសហការជាមួយកម្លាំងសន្តិសុខបោះឆ្នោតតាមមូលដ្ឋាន និងតាមការិយាល័យនីមួយៗរៀងៗខ្លួន ដើម្បីធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈ និងរបៀបរៀបរយ ក្នុងដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត។

គធ.ខប ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងប្រជាពលរដ្ឋដែលមានសិទ្ធិបោះ ឆ្នោត។ ទទួលបានសេចក្តីណែនាំនេះ ប្រធាន គធ.ខប ប្រធាន គឃ.សប និងប្រធាន គ.ក.ប/គ.ក.រ ត្រូវយកចិត្តទុកដាក់សហការអនុវត្តឱ្យមានប្រសិទ្ធភាព និងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ចាប់ពីថ្ងៃ ចុះហត្ថលេខានេះតទៅ៕