(ហាណូយ)៖ ក្រុមកីឡាប៉េតង់ជម្រើសជាតិកម្ពុជា បានឡើងវគ្គផ្ដាច់ព្រ័ត្រ ដោយត្រូវជួបក្រុមម្ចាស់ផ្ទះវៀតណាម ដើម្បីប្រជែងមេដាយមាស បន្ទាប់ពីយកឈ្នះក្រុមប៉េតង់ម៉ាឡេស៊ី ដោយពិន្ទុ ១៣-៨ពិន្ទុ លើវិញ្ញាសាវាយគូចម្រុះបុរស-នារី ២នាក់ ទល់ ២នាក់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ នារសៀលថ្ងៃទី១៧ ខែឧសភានេះ។កីឡាករ-កីឡាការិនីប៉េតង់កម្ពុជា ដែលបានទម្លាក់ក្រុមម៉ាឡេស៊ី ឡើងវគ្គផ្ដាច់ព្រ័ត្រ រួមមានកីឡាករ ស៊ិន វង់ និងកីឡាការិនី វង ចន្ថា ខណៈកាលពីវគ្គជម្រុះ ក្រុមកម្ពុជា ក៏បានយកឈ្នះក្រុមម៉ាឡេស៊ីនេះ ១៣-៥ពិន្ទុផងដែរ។
រីឯក្រុមប៉េតង់វៀតណាម មុនឡើងមកជួបកម្ពុជា នៅវគ្គផ្ដាច់ព្រ័ត្រ ពួកគេបានយកឈ្នះក្រុមថៃ ដោយលទ្ធផល ១៣-០ពិន្ទុ ។ ចំពោះការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដើម្បីកាត់សេចក្ដីរកម្ចាស់មេដាយមាសលើវិញ្ញាសាវាយគូចម្រុះបុរស-នារីនេះ នឹងធ្វើការប្រកួតនាពេលបន្ដិចទៀតនេះ៕