(បន្ទាយមានជ័យ)៖ មនុស្ស៣នាក់ត្រូវបានចាប់ខ្លួន តាមបណ្ដឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ពាក់ព័ន្ធការក្លែងបន្លំខោអាវក្រុមជម្រើសជាតិកម្ពុជា ជាឡូហ្គោក្លែងក្លាយ ស្លាកសញ្ញា FFC ហើយត្រូវបានអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ។
ការចាប់ខ្លួននេះ ធ្វើឡើងតាមបណ្ដឹងរបស់លោក កែវ សារ៉េត អាយុ៦៦ឆ្នាំ ជាអគ្គលេខាធិការ នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានរៀបរាប់ថា នៅពេលថ្មីៗនេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានអង្គេតឃើញថា មានជនខិលខូចមួយចំនួនតូច និងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ តាម៉ាប់លក់អាវកីឡា, ឈ្មោះ សុខ ចាន់ថន SOK CHANTHORN និងម្ចាស់ហ្វេសប៊ុកឈ្មោះ POR POE LOVE, POR TRY SPORT ដែលមានយីហោលក់ឈុតកីឡាគ្រប់ប្រភេទ បានបង្ហោះលក់តាមផេកហ្វេសប៊ុក និងដាក់លក់ខោអាវក្រុមជម្រើសជាតិកម្ពុជាលើទីផ្សារដោយពុំមានច្បាប់អនុញ្ញាត ជាពិសេសមិនមែនជាផលិតផលផ្លូវការ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាជាមួយក្រុមហ៊ុន VARAMAN (វរ្ម័ន) នោះទេ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងលោកបានចាត់តាំងលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំកម្លាំង សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកដោយលោកឧត្តមសេនីយ៍ត្រី គង់ សត្ថារិន ស្នងការរងស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើប្រតិបត្តិការបង្ក្រាបករណីលក់ដូរសម្លៀកបំពាក់កីឡារបស់ក្រុមហ៊ុនជម្រើសជាតិបាល់ទាត់កម្ពុជា ជាឡូហ្គោក្លែងក្លាយ ស្លាកសញ្ញា FFC នៅចំណុចមុខសណ្ឋាគារសុងតារា ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងនោះឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ជាបន្តបន្ទាប់ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ និងដកហូតសម្លៀកបំពាក់កីឡាជម្រើសជាតិកម្ពុជាដែលមានឡូហ្គោ FFC ជាផលិតផលក្លែងក្លាយចំនួន២៤៩កំប្លេ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ សេង ប៊ុនធី អាយុ៣៥ឆ្នាំ ក្រោយពីកម្លាំងជំនាញសួរនាំរួចបានឆ្លើយសារភាពថា រូបគេពិតជាបានយកស្លាកសញ្ញា ឡូហ្គោ FFC ដែលជាស្លាកញ្ញា កីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ឲ្យគេបោះពុម្ពយកមកលក់ខ្លួនឯងផង និងចែកចាយឲ្យឈ្មោះ សុខ ចាន់ថន ហៅតាម៉ាប់ និងឈ្មោះ ស្រី ហុងអ៊ូ លក់បន្ត។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បន្តទៀតថា មុនឈានដល់ការបង្ក្រាបករណីខាងលើនេះ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ៕