លោក ចូ បៃដិន អនុញ្ញាតឲ្យដាក់ពង្រាយកងទ័ពអាមេរិក ក្នុងប្រទេសសូម៉ាលីឡើងវិញ

 (វ៉ាស៉ីនតោន)៖  តាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Al-Jazeera នៅថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២ អោយដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានអនុញ្ញាតឲ្យមានការដាក់ពង្រាយកងទ័ពអាមេរិក ទៅកាន់ប្រទេសសូម៉ាលីជាថ្មីឡើងវិញ ដែល ផ្ទុយពីការសម្រេចចិត្តរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីឆ្នាំមុន ដែល បានដកកងកម្លាំងអាមេរិកស្ទើរតែទាំងស្រុងចេញពីទីនោះ។

កាលពីថ្ងៃចន្ទសប្តាហ៍នេះ សេតវិមានបានបញ្ជាក់ពីការសម្រេចចិត្តខាងលើ របស់លោក បៃដិន ដែលធ្វើឡើងតាមសំណើររបស់ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយស៍ អូស្ទីន( Lloyd Austin)។ អ្នកនាំពាក្យសេតវិមាន លោកស្រី ការីន ហ្សង់ព្យែរ (Karine Jean-Pierre) បាននិយាយ ដូច្នេះថា «លោកប្រធានាធិបតី បៃដិន បានអនុម័តសំណើរបស់លោក Austin ដើម្បីបង្កើតឡើងវិញ នូវវត្តមានជាប់លាប់នៃយោធាអាមេរិក ក្នុងប្រទេសសូម៉ាលី ដើម្បីជួយដល់ការប្រយុទ្ធជាមួយក្រុម សកម្មប្រយុទ្ធ អាល់សាបាប (al Shabab) ដែលកំពុងកើនឡើងកម្លាំង និងបង្កការគំរាមកំហែង​កាន់តែខ្លាំង។

សូមបញ្ជាក់ថា មុនបញ្ជាដកកងកម្លាំងរបស់លោក ត្រាំ សហរដ្ឋអាមេរិកមានកងទ័ពប្រហែល ៧០០ នាក់ ក្នុងប្រទេសសូម៉ាលី ដែលប្រតិបត្តិការរបស់ពួកគេ ផ្តោតលើការជួយគាំទ្រកងកម្លាំងក្នុងតំបន់ ដើម្បីកម្ចាត់ក្រុមអាល់សាបាប។ បើតាមប្រភពព័ត៌មានពី កាសែតអាមេរិក New York Times ការសម្រេចដាក់ពង្រាយកងទ័ពអាមេរិកឡើងវិញនេះ ត្រូវបានអនុម័តកាលពីដើមខែឧសភានេះ ហើយមើលឃើញការដាក់ពង្រាយទាហានចន្លោះ៤០០-៥០០នាក់៕