(វ៉ាស៉ីនតោន)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៧ ខែឧសភា ឆ្នាំ២០២២ បញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ទើបតែបានចុះហត្ថលេខា លើ កញ្ចប់ជំនួយសព្វាវុធថ្មីមួយទៀត គិតជាទឹកប្រាក់១៥០លានដុល្លារ សម្រាប់អ៊ុយក្រែន នៅថ្ងៃ សុក្រសប្តាហ៍នេះ ដែលក្នុងនោះរួមមានការផ្តល់គ្រាប់កាំភ្លើងធំ, រ៉ាដា និងបរិក្ខារផ្សេងៗទៀត។
លោក បៃដិន បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ថ្ងៃនេះ សហរដ្ឋអាមេរិកកំពុង បន្តការគាំទ្រយ៉ាងរឹងមាំរបស់យើង សម្រាប់ប្រជាជនដ៏អង់អាចនៅអ៊ុយក្រែន ដែលកំពុងប្រយុទ្ធតស៊ូ ដើម្បីការពារប្រទេសពួកគេ ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី»។ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង កាល ពីថ្ងៃទី២៤ ខែកុម្ភៈ សហរដ្ឋអាមេរិកបានសន្យាផ្តល់ជំនួយសព្វាវុធ គិតជាទឹកប្រាក់សរុបស្មើនឹង ៣.៤ពាន់លានដុល្លារ ដល់អ៊ុយក្រែន ខណៈអាវុធទាំងនោះ រួមមានទាំងកាំភ្លើងធំ, ប្រព័ន្ធ ស្ទីងចឺ (Stinger) សម្រាប់ប្រឆាំងយន្តហោះ, ប្រព័ន្ធ ចាវេលីន (Javelin) សម្រាប់ប្រឆាំងរថក្រោះ, គ្រាប់ រំសេវផ្សេងៗ ហើយនិងដ្រូនហៅថា ហ្វីនិច ហ្គោស (Phoenix Ghost)។
កញ្ចប់ជំនួយថ្មីខាងលើ នឹងបានមកពីថវិកាចំនួន២៥០លានដុល្លារ នៅសល់ក្នុងសិទ្ធិពិសេសរបស់ ប្រធានាធិបតីអាមេរិក ដែលអនុញ្ញាតឱ្យរូបលោក អាចចេញបញ្ជាឱ្យមានការផ្ទេរសព្វាវុធដែលលើស ចេញពីស្តុកអាវុធរបស់យោធាអាមេរិក ដោយពុំចាំបាច់ឆ្លងកាត់សភាឡើយ ដើម្បីឆ្លើយតបក្នុងករណី បន្ទាន់៕