NOCC ផ្ដល់អ្នកជំនាញពិភពលោក ដើម្បីជួយដល់សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត


 (ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានយល់ព្រមតាមសំណើរបស់សហ ព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ក្នុងការស្នើគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ ដើម្បីបញ្ជូនអ្នកជំនាញ កម្រិតពិភពលោក ១រូបមកជួយដល់ការរៀបចំផែនការយុទ្ធសាស្ដ្រដឹកនាំ និងគម្រោងអភិវឌ្ឍន៍ ផ្សេងៗរបស់សហព័ន្ធ។ឯកឧត្តម សំហេង បុរស រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និងជាប្រធានសហព័ន្ធបានបញ្ជាក់ថា អ្នកជំនាញអន្ដរជាតិ ដែលសហព័ន្ធទទួល បានជំនួយតាមរយៈ NOCC នេះ គឺលោក Oliver Scheer ទីប្រឹក្សាសហព័ន្ធកីឡាអត្តពលកម្ម ពិភពលោក។ លោកបានធ្វើដំណើរមកដល់កម្ពុជា និងបានបំពេញទស្សនកិច្ចរយៈពេល ៤ថ្ងៃមក​ហើយ។ នេះបើតាមការបញ្ជាក់ក្នុងជំនួបសំណេះសំណាល នៅព្រឹកថ្ងៃសុក្រនេះ។

ប្រមុខសហព័ន្ធខាងលើបានលើកឡើងថា ការទទួលបានអ្នកជំនាញអន្ដរជាតិរូបនេះ គឺជាផលល្អ សម្រាប់សហព័ន្ធ ក្នុងការរៀបចំផែនការយុទ្ធសាស្ដ្រ និងអនុវត្តកាន់តែមានប្រសិទ្ធភាព ពិសេសលើ ការងារបណ្ដុះបណ្ដាលធនធានគ្រូបង្វឹក ក៏ដូចជាកីឡាករ-កីឡាការិនី ដែលជាបញ្ហាប្រឈមរបស់ សហព័ន្ធកន្លងមក។

ឯកឧត្តម ថា «ជាលក្ខខណ្ឌបញ្ហា គឺមានច្រើន ប៉ុន្ដែខ្ញុំមានក្ដីសង្ឃឹមខ្ពស់ ដោយសារឥឡូវនេះ យើង មានអ្នកជំនាញពិភពលោកមកជួយ គឺលោក Oliver scheer ដែលមានពិសោធន៍ធ្វើការច្រើនជាង ២៤ប្រទេស ហើយគាត់កាន់ការងារផ្ទាល់នៅសហព័ន្ធកីឡាអត្តពលកម្មពិភពលោក។ អ៊ីចឹងយើងអាចទាញបាននូវធនធានផ្សេងៗជាច្រើនពីសហព័ន្ធកីឡាអត្តពលកម្មពិភពលោក ដើម្បី កសាង និងអភិវឌ្ឍន៍សហព័ន្ធរបស់យើង»

ចំណែកលោក Oliver Scheer បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធ ខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ទោះបីមានបញ្ហាប្រឈមច្រើនយ៉ាងណា ក៏សហព័ន្ធនៅតែព្យាយាម និង ស្វែងរកអ្នកជំនាញ ដើម្បីមកជួយណែនាំ និងរៀបចំយុទ្ធសាស្ដ្រដឹកនាំ ក៏ដូចជាអភិវឌ្ឍវិស័យកីឡា មួយនេះឲ្យកាន់តែរីកចម្រើន។

បុរសជនជាតិអាល្លឺម៉ង់រូបនេះបញ្ជាក់ថា «ខ្ញុំបានជួបប្រជុំ និងពិភាក្សាជាមួយប្រធានសហព័ន្ធ ហើយ បានជួបបញ្ហាជាច្រើន។ ប៉ុន្ដែអ្វីដែលគួរឲ្យកត់សម្គាល់ គឺខ្ញុំក៏បានមើលឃើញសក្ដានុពលជាច្រើន របស់សហព័ន្ធ សម្រាប់ការអភិវឌ្ឍផងដែរ ប្រសិនបើយើងមានការរៀបចំដោយមានយុទ្ធសាស្ដ្រ ត្រឹមត្រូវតាមគម្រោង ដែលខ្ញុំនឹងមកជួយរៀបចំនៅប្រទេសកម្ពុជានាពេលនេះ»។

តាមការបញ្ជាក់របស់ ឯកឧត្តម សំហេង បុរស ការផ្ដល់នូវអ្នកជំនាញពិភពលោកមកជួយសហព័ន្ធ ខ្មែរអត្តពលកម្មស្ម័គ្រចិត្តខាងលើ មានរយៈពេល ១ឆ្នាំ ក្រោមគម្រោងថវិការបស់គណៈកម្មាធិការ អូឡាំពិកអន្ដរជាតិ តាមរយៈ NOCC។ ទន្ទឹមជាមួយគ្នា លោក Oliver Scheer ក៏មានគម្រោងរៀប ចំសិក្ខាសាលា ក៏ដូចជាបោះជំរំហ្វឹកហាត់ជាលក្ខណៈអន្ដរជាតិមួយ ដើម្បីបំប៉នបន្ថែមដល់គ្រូបង្វឹក ក៏ដូចជាកីឡាករ-កីឡាការិនី សម្រាប់ត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា​ផងដែរ៕