(តូក្យូ)៖ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានប្រាប់អោយដឹងថា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុនបានឱ្យដឹងថា ប្រទេសជប៉ុននឹង ប្រឈមមុខនឹង«ការលំបាក»ក្នុង ការអនុវត្តតាមភ្លាមៗនូវវិធានការកាត់ផ្តាច់ការនាំចូលប្រេងពីរុស្ស៊ីជុំវិញការឈ្លានពានលើប្រទេសអ៊ុយក្រែន។ លោករដ្ឋមន្ត្រី Koichi Hagiuda បានលើកឡើងយ៉ាងដូច្នេះកាលពីថ្ងៃព្រហស្បតិ៍ក្នុង អំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីគណៈកម្មការរបស់សហភាពអឺរ៉ុបកាល ពីថ្ងៃពុធបានស្នើកញ្ចប់ទណ្ឌកម្មដ៏តឹងតែងបំផុតប្រឆាំងនឹងទីក្រុងមូស្គូ រួមទាំងការដាក់ទណ្ឌកម្មលើ ប្រេងឆៅផងដែរ។
លោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយថា លោកនឹងពិភាក្សាអំពីការដាក់ទណ្ឌកម្ម បន្ថែមទៀតប្រឆាំងនឹងរុស្ស៊ីជាមួយនឹងមេដឹកនាំផ្សេងទៀតមកពីក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ (G7) នៅសប្តាហ៍នេះ ដែលអាចដាក់សម្ពាធលើប្រទេសជប៉ុនដែលមានការប្រុង ប្រយ័ត្នចំពោះផលប៉ះពាល់ពីការរឹតបន្តឹងពាណិជ្ជកម្មប្រេង។
ភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Hagiuda ខណៈថ្លែង ទៅកាន់ក្រុមអ្នកយកព័ត៌មានថា «ដោយសារធនធានរបស់ប្រទេសជប៉ុននៅមានកម្រិត យើងនឹង ប្រឈមមុខនឹងការលំបាកមួយចំនួនក្នុងការអនុវត្តភ្លាមៗ» ជាមួយប្រទេសដទៃទៀត។
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក Gina Raimondo អ្នកទាំងពីរបានឯកភាពគ្នា លើមូលដ្ឋានគោលការណ៍ស្តីពីកិច្ចសហប្រតិបត្តិការឧបករណ៍ពាក់កណ្តាលចម្លង ដែលមានគោល បំណងធ្វើពិពិធកម្មសមត្ថភាពផលិតបន្ទះឈីប ជំរុញតម្លាភាព ការឆ្លើយតបជាបន្ទាន់ចំពោះកង្វះ ខាត និងការស្រាវជ្រាវ និងអភិវឌ្ឍន៍។
លោកមានប្រសាសន៍ថា៖ «នៅពេលដែលពិភពលោកកំពុងមានអស្ថិរភាពបន្ទាប់ពីសង្រ្គាមនៅអ៊ុយក្រែន ការសម្របសម្រួលជាមួយបណ្តាប្រទេសដែលមានគំនិតដូចគ្នាគឺកាន់តែមានសារៈសំខាន់។ កិច្ចពិភាក្សា (ថ្ងៃនេះ) បានបម្រើជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការជំរុញទំនាក់ទំនងជប៉ុន-អាមេរិក»។
នៅក្នុងកិច្ចប្រជុំដាច់ដោយឡែកមួយផ្សេងទៀតជាមួយរដ្ឋមន្ត្រីក្រសួងថាមពលអាមេរិកលោកស្រី Jennifer Granholm លោក Hagiuda បានស្នើឱ្យសហរដ្ឋអាមេរិកបង្កើនទិន្នផលឧស្ម័នធម្មជាតិរាវ (LNG) ដើម្បីជួយប្រទេសជប៉ុនកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើថាមពលរបស់ប្រទេសរុស្ស៊ី។
សម្រាប់ឆ្នាំសារពើពន្ធចុងក្រោយដែលបញ្ចប់នៅខែមីនា ការនាំចូលប្រេងរបស់ជប៉ុនពីប្រទេសរុស្ស៊ី មានចំនួន ៤ភាគរយនៃការនាំចូលប្រេងសរុបខ្លួន ៩ភាគរយនៃការនាំចូលឧស្ម័នធម្មជាតិ និង ១១ ភាគរយនៃការនាំចូលធ្យូងថ្ម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕