ប្រទេសថៃ និង ៥២ ប្រទេសផ្សេងទៀតស្នើសុំឱ្យអង្កការ WTO ចាត់វិធានការលើការហាមឃាត់ការនាំចេញស្បៀងអាហារ


 (បាងកក)៖  យោងតាមកាសែតបាងកកប៉ុស្តិ៍ គឺប្រទេសថៃកំពុងចូលរួមជាមួយប្រទេសសមាជិក ផ្សេងទៀតរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីស្នើអង្គការមួយនេះឱ្យដោះស្រាយ ការហាមឃាត់ការនាំចេញអាហារ និង ផលិតផលកសិកម្មបន្ទាប់ពីប្រទេសដែលជាអ្នកនាំចូល អាហារបានលើកឡើងពីការព្រួយបារម្ភអំពីកង្វះខាតស្បៀងអាហារ។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សំដីរបស់លោកស្រី Auramon Supthaweethum អគ្គនាយកនៃនាយកដ្ឋានចរចាពាណិជ្ជកម្មថៃថា ប្រទេសជាច្រើនបានដាក់ កំហិតលើការនាំចេញអាហារ និងផលិតផលកសិកម្ម ដែលបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ប្រទេស ដែលពឹងផ្អែកលើការនាំចូលអាហារ។

លោកស្រីបានថ្លែងថា ប្រទេសចំនួន៥៣ រួមមានទាំងអូស្ត្រាលី ណូវែលសេឡង់ ប្រទេសនៅ សហភាពអឺរ៉ុប ជប៉ុន ន័រវែស កូរ៉េខាងត្បូង អារ៉ាប៊ីសាអូឌីត ប្រេស៊ីល ស៊ីលី បង់ក្លាដែស ព្រុយណេ ឡាវ សិង្ហបុរី វៀតណាម និងថៃផងដែរនោះ បានព្រមព្រៀងគ្នាដាក់សំណើទៅកាន់សន្និសីទថ្នាក់ រដ្ឋមន្ត្រីទី១២ (MC 12) របស់អង្គការ WTO ដែលនឹងប្រារព្ធធ្វើងឡើងចាប់ពីថ្ងៃទី១២ ដល់ ១៥ ខែមិថុនា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ប្រទេសទាំងនេះកំពុងស្នើសុំអង្គការ WTO ដែលមានសមាជិកចំនួន១៦៤ប្រទេស ឱ្យជួយដោះ ស្រាយការហាមឃាត់ការនាំចេញអាហារជាពិសេសអាហារដែលពាក់ព័ន្ធនឹងកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ។

លោកស្រី Auramon មានប្រសាសន៍ថា៖ «ប្រទេសថៃ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ សង្ឃឹមថា អង្គការ WTO អាចជួយដោះស្រាយការរឹតបន្តឹងពាណិជ្ជកម្មបែបនេះបាន»

សន្និសីទ MC-12 គ្រោងនឹងពិភាក្សាអំពីបញ្ហាពាណិជ្ជកម្ម និងសុខភាពដែលរងផលប៉ះពាល់ដោយ ជំងឺរាតត្បាតដែលបានបង្កឱ្យមានកង្វះខាតការផ្គត់ផ្គង់ស្បៀង ការទទួលបានថ្នាំសង្កូវ និងវ៉ាក់សាំង សំខាន់ៗ ដើម្បីទប់ទល់នឹងជំងឺរាតត្បាត និងការកាត់បន្ថយការឧបត្ថម្ភធនផ្នែកជលផល ដែលរួម ចំណែកដល់ការនេសាទលើសចំណុះ និងការនេសាទលើសកម្រិត។

តាមកាសែតបាងកកប៉ុស្តិ៍ បានអោយដឹងទៀតថា គឺលោកស្រីបានបន្ថែមថា សន្និសីទនេះនឹងពិចា រណាអំពីការរឹតបន្តឹង និងកាត់បន្ថយការឧបត្ថម្ភធន កសិកម្ម ក៏ដូចជាដំណោះស្រាយសម្រាប់ការ ហាមឃាត់ការនាំចេញកសិផល៕