លោក មីង អោង ឡាំង សន្យាពិនិត្យលទ្ធភាពសម្រួលដល់ជំនួបប្រេសិតពិសេសជាមួយ លោកស្រី អោង សានស៊ូជី ក្រោយមានសំណើពីសម្តេចតេជោ


(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង មេដឹកនាំរបបយោធាភូមា បានសន្យា ពិនិត្យលទ្ធភាពក្នុងការសម្រួលឱ្យមានជំនួបរវាង ប្រេសិតពិសេសប្រធានអាស៊ាន ជាមួយភាគីពាក់ ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ា ដែលក្នុងនោះរួមមាន លោកស្រី អោង សានស៊ូជី ផងដែរ ខណៈដែល ប្រេសិតពិសេសប្រធានអាស៊ាន គ្រោងនឹងបំពេញទស្សនកិច្ចជាលើកទី២ នៅចុងខែនេះ។

ការអះអាងរបស់ មេដឹកនាំយោធាភូមា បានធ្វើឡើងបន្ទាប់ពីមានសំណើពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងជំនួបសន្ទនាតាមទូរស័ព្ទ នាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញនេះ។

សេចក្តីប្រកាសរបស់ក្រសួងការបរទេសនិងអន្តរជាតិអំពីលទ្ធផលនៃជំនួបតាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន និង លោក មីន អោងឡាំង បានបញ្ជាក់ដូច្នេះថា នៅក្នុងជំនួបនោះ សម្តេចក៏បានស្នើ សុំកិច្ចសហប្រតិបត្តិការបន្ថែមទៀតពីសំណាក់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ក្នុងការសម្របសម្រួលដំណើរ ទស្សនកិច្ចលើកទី២ របស់ប្រេសិតពិសេសនៃប្រធានអាស៊ាន នៅមីយ៉ាន់ម៉ា ដែលអាចនឹងធ្វើឡើង នៅចុងខែឧសភានេះ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ឡើងវិញពីសារៈសំខាន់នៃការអនុញ្ញាតឱ្យប្រេសិតពិសេសបានចូលជួបជាមួយភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ា ដែលក្នុងនោះរួមមាន លោកស្រី អោង សានស៊ូជី និងលោកអតីតប្រធានាធិបតី វិន ម្ញីន សំដៅជួយបង្កើតបរិយាកាសអំណោយផល សម្រាប់ការចាប់ផ្តើមកិច្ចសន្ទនានយោបាយប្រកបដោយបរិយាបន្ន។

«ជាការឆ្លើយតប ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង បានសន្យាពិនិត្យលទ្ធភាព ក្នុងការសម្រួលជំនួបជាមួយភាគីពាក់ព័ន្ធទាំងនោះ។ ជាចុងបញ្ចប់នៃកិច្ចសន្ទនានេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការជួយឱ្យមីយ៉ាន់ម៉ា អាចវិល ត្រឡប់មកកាន់លទ្ធិប្រជាធិបតេយ្យវិញ ស្របតាមការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច និងសាមគ្គីភាព និងមជ្ឈភាពនៃអាស៊ាន-១០»។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស៕