សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីអំពីសំណើឱ្យមីយ៉ាន់ម៉ាដោះលែងសាស្រ្តាចារ្យជនជាតិអូស្ត្រាលី ស៊ន ធើននែល


 (ភ្នំពេញ)៖ ក្នុងជំនួបសន្ទនាតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ាន បានបញ្ជាក់ជាថ្មីអំពីសំណើឱ្យមីយ៉ាន់ម៉ាដោះ លែង សាស្រ្តាចារ្យជនជាតិអូស្ត្រាលី លោក ស៊ន ធើននែល។

ការបញ្ជាក់ជាថ្មីរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានជួបសន្ទនា តាមប្រព័ន្ធវីដេអូជាមួយ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាល រដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ដើម្បីផ្លាស់ប្តូរទស្សនៈ លើមាគ៌ាឆ្ពោះទៅរកការពន្លឿនការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច។

សេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា នាឱកាស ជំនួបនេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្វាគមន៍ចំពោះការដោះលែងអ្នកទោស ជាង ១៦០០ នាក់ នៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់មីយ៉ាន់ម៉ា ពីខែ មេសា និងបាន រំលឹកឡើងវិញពីសំណើរបស់សម្តេចតេជោកន្លងមក ដែលសុំដោះលែងអ្នកទោសនយោបាយទាំង អស់ រួមទាំងសាស្រ្តាចារ្យជនជាតិអូស្ត្រាលី ស៊ន ធើននែល (Sean Turnell) ផងដែរ។

លោក Turnell ដែលជាសាស្រ្តាចារ្យជនជាតិអូស្រ្តាលី បានបំពេញការងារជាទីប្រឹក្សាមួយរូបរបស់ អតីតមេដឹកនាំមីយ៉ាន់ម៉ា គឺលោកស្រី អោង សាន ស៊ូ ជី នៅពេលដែលលោកត្រូវបានគេចាប់ខ្លួន កាលពីខែកុម្ភៈ ឆ្នាំមុន ពោលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយផ្ទុះរដ្ឋប្រហារយោធា។ សាស្រ្តាចារ្យផ្នែក សេដ្ឋកិច្ចរូបនេះ ត្រូវបានចោទប្រកាន់ពី បទបំពានច្បាប់ការពារព័ត៌មានសម្ងាត់រដ្ឋរបស់មីយ៉ាន់ម៉ា ហើយកំពុងប្រឈមនឹងការដាក់ទោសជាអតិបរមា ឱ្យជាប់ពន្ធនាគាររហូតដល់១៤ឆ្នាំ។

នាពេលកន្លងទៅ លោក មីន អោងឡាំង មេដឹកនាំកំពូលយោធាភូមា ក៏បានសន្យាជាមួយសម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះករណី អ្នកជំនាញសេដ្ឋកិច្ច លោក សន ថឺនែល (Sean Turnell)នេះផងដែរ៕