(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេច ក្ដីសម្រេចបង្កើត គណៈកម្មការសាងសង់ព្រះវិហារ វត្តគិរីជលសារកោះរ៉ុង ស្ថិតនៅសង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្នុងសេចក្ដីសម្រេចដែលទទួលបាននៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា គណៈកម្មការសាងសង់នេះ មានលោកជំទាវ ញ៉ែម សាខន សខេង ជាប្រធាន។ សូមជម្រាបថា វត្តគិរីជលសា(កោះរ៉ុង) ដែលបានកសាងឡើងកាលពីឆ្នាំ១៩៩៣ លើផ្ទៃដីប្រមាណ៥ហិកតា ស្ថិតនៅក្នុងភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ គិតរហូតមកដល់ឆ្នាំ២០២២ នេះ មានអាយុកាល២៩ឆ្នាំមកហើយ និងមានព្រះចៅអធិការគ្រប់ គ្រង៧អង្គមកហើយដែរ។ ប៉ុន្តែអ្វីជាការចាប់អារម្មណ៍នោះ វត្តនេះមានតែកុដិឈើ១ខ្នង និងសាលា ឆាន់សម្រាប់ព្រះគង់នៅតែប៉ុណ្ណោះ ពុំទាន់មានព្រះវិហារ សាលាធម្មសភា ហោត្រ័យ របង ខ្លោងទ្វារ រោងតម្កល់សព រួមទាំងសមិទ្ធិផលផ្សេងៗទៀត ឲ្យមានសោភ័ណភាពដូចជាទីអារាមដ៏ទៃៗទៀត នោះឡើយ។ ព្រះគ្រូចៅអធិការវត្តព្រះនាមទេព សោភ័ណភារ រ៉ាវី បានមានសង្ឃដិកាប្រាប់ថា គម្រោងសាងសង់សមិទ្ធិផលនៅក្នុងវត្តនេះផ្ដួចផ្ដើមឡើងដោយព្រះអង្គផ្ទាល់ដោយមានការចូលរួមដោយលោក ឡក់ វណ្ណារីន ចៅសង្កាត់កោះរ៉ុង, លោក ស្រេង ហៃសុខ ប្រធានសមាគមអភិរក្ស បរិស្ថានក្រុងកោះរ៉ុង, លោក សុផុន សំខាន់ ព្រឹទ្ធបុរសរងមហាវិទ្យាល័យវិចិត្រសិល្បៈ នៃសាកល វិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, លោក ថៃ ជាវ ប្រធានគណៈកម្មការវត្ត, លោក ពត សារ៉ាន់ អាចារ្យ វត្ត, លោក សុទ្ធ វិចិត្រ, លោកឧកញ៉ា សែន ពិសិដ្ឋ, លោក ណែម វិសាល ស្ថាបត្យករ, លោក សោត ម៉ៅម៉ាន មេភូមិព្រែកស្វាយ។
ជាមួយគ្នានេះ ព្រះអង្គបានមានសង្ឃដិកាទៀតថា កាលពីឆ្នាំ១៩៩៤ នាយឧត្តមនាវី ទៀ វិញ ដែល បច្ចុប្បន្នមានតួនាទីជាអគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងទឹក បានកសាងកុដិ១ខ្នង ថ្មក្រោមឈើលើ, លោក ប៊ុន ថង ថៅកែគ្រឿងសំណង់នៅកោះរ៉ុង បានជួយក សាងកុដិ១ខ្នង កាលពីឆ្នាំ២០១៨, លោក សេង ហួរលាង និងលោក ឈឺន ចន្ថា ចៅសង្កាត់រង ទី១សង្កាត់កោះរ៉ុង (បច្ចុប្បន្នចៅសង្កាត់កោះរ៉ុងសន្លឹម) បានជួយសាងសង់សាលាឆាន់តម្លៃជាង៥០ ម៉ឺនដុល្លារ ចាប់តាំងពីឆ្នាំ២០១៤ ដល់ ឆ្នាំ២០១៨។
សម្រាប់ការងារសាងសង់ និងការចូលរួមបរិច្ចាគពីសប្បុរសជន ក៏ដូចជាថ្នាក់ដឹកនាំខាងលើនេះ បាន កើតចេញពីការខិតខំប្រឹងប្រែងរបស់លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង ដោយបានអំពាវនាវ និងកៀរគររកជំនួយទាំងនេះមកកសាង តាំងពីដើម រហូតមកដល់បច្ចប្បន្ននេះ។ ដោយឃើញការខិតខំរបស់ថ្នាក់ដឹកនាំក្រុងកោះរ៉ុង និងថ្នាក់មូលដ្ឋាន សម្តេចក្រឡាហោម ស ខេង ក៏បានយកចិត្តទុកដាក់ថែមទៀតតាមរយៈការបង្កើតគណៈកម្មការសាងសង់ព្រះវិហារនៅក្នុងវត្តតែម្តង។ ជាការកត់សម្គាល់ ដោយសារតែទីនោះជាតំបន់ទេសចរណ៍ ហើយកាលពីពេលថ្មីៗនេះ រាជ រដ្ឋាភិបាលបានបង្កើតទៅជាសង្កាត់ និងក្រុងកោះរ៉ុងផងនោះ បានធ្វើឲ្យកោះមួយនេះកាន់តែមាន ភាពទាក់ទាញខ្លាំងឡើងថែមទៀត។ ដោយឡែកវត្តគិរីជលសា (កោះរ៉ុង) គឺជាវត្តតែមួយគត់ដែល ស្ថិតនៅលើកោះរ៉ុងនេះហើយក៏សម្រាប់ជាស្រែបុណ្យនៃប្រជាពលរដ្ឋជាង៩០០គ្រួសាររស់នៅទីនោះធ្វើបុណ្យទាន និងគោរពបូជាទៀតផង៕