(ព្រុចសែល)៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុន ឌែរ ឡេយិន (Ursula von der Leyen) បាននិយាយការសម្រេចចិត្តរបស់រុស្ស៉ី ក្នុងការកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នទៅកាន់ប្រទេស ប៉ូឡូញ និងប៊ុលហ្ការី គឺជា «ទង្វើជំរិតទារបា្រក់»។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២។
នៅក្នុងសន្និសីទសារព័ត៌មាននៅឯទីក្រុងព្រុចសែល នៅថ្ងៃពុធសប្ដាហ៍នេះ លោកស្រី វ៉ុន ឌែរ ឡេយិន ក៏បានអះអាងដែរថាការសម្រេចចិត្តរបស់ ក្រុមហ៊ុនឧស្ម័នរុស្ស៉ី ហ្កាសព្រំ (Gazprom) គឺជាទង្វើមិនត្រឹមត្រូវ និងមិនអាចទទួលយកបាន ដោយវាបានបង្ហាញថារុស្ស៉ីគឺជាអ្នករកស៊ីដែល មិនអាច ទុកចិត្តបាន។
ប៉ុន្តែ វិមានក្រឹមឡាំងបានបញ្ជាក់ថារុស្ស៉ីសម្រេចចិត្តកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នទៅកាន់ប៉ូឡូញ និង ប៊ុលហ្ការី គឺដោយសារតែខ្លួនត្រូវបានបង្ខំឱ្យធ្វើ បែបនេះ តាមរយៈ «សកម្មភាពអមិត្ត» របស់បណ្ដា ប្រទេសលោកខាងលិច។
គួរបញ្ជាក់ថា រុស្ស៉ី នៅក្នុងសប្ដាហ៍នេះបានប្រកាសកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នទៅកាន់ ប្រទេស ប៉ូឡូញ និងប៊ុលហ្ការី បន្ទាប់ពីប្រទេសទាំង២ មិនព្រមបង់ថ្លៃទិញឧស្ម័នជាប្រាក់ «រូប្លិ៍» ហើយក៏បាន ព្រមានដែរថានឹងធ្វើបែបនេះដូចគ្នាលើប្រទេសអឺរ៉ុបដទៃទៀត ដែលមិនព្រមប្រើប្រាក់រូប្លិ៍ នេះក្នុងការ បង់ថ្លៃទិញឧស្ម័ន៕